(ភ្នំពេញ)៖ ក្រុមហ៊ុន Bridge Marketing Services Co.,Ltd នៅកម្ពុជា ​និងក្រុមហ៊ុន Money Thai Allance នៅប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីរួមគ្នាបង្កើតឡើង នូវព្រឹត្ដិការណ៍ដ៏ធំ នៃការប្រកួតប្រដាល់ដណ្ដើមជើងឯក ជាលក្ខណៈអន្ដរជាតិ នៅប្រទេសថៃ  ។

លោក ហង្ស សូរិយា អគ្គនាយក្រុមហ៊ុន Bridge Marketing Services Co.,Ltd បានលើកឡើងថា ការដណ្ដើមជើងឯកអ្នកប្រដាល់អាជីពនេះ នឹងមានអ្នកប្រដាល់ ចូលរួមប្រកួតប្រជែងដណ្ដើមយកជើងឯក ដោយកីឡាករប្រដាល់ពីកម្ពុជា-ថៃ និងបណ្ដាប្រទេសនានា ដែលជាសមាជិកអាស៊ាន ដែលមានការហ្វឹកហាត់ប្រដាល់សេរី ហើយកម្មវិធីនេះ នឹងលើកស្ទួយវិស័យកីឡាប្រដាល់នៅកម្ពុជាមួយនេះ ទៅឲ្យពិភពលោកបានស្គាល់ កាន់តែច្បាស់មួយកម្រិតទៀត ។

ព្រមជាមួយគ្នានោះ លោក ថាន់ វ៉ាន់ខុម ប្រធានក្រុមហ៊ុន Money Thai Allance បានថ្លែងថា «ការប្រកួតប្រជែងនេះ មិនត្រឹមតែផ្ដល់ឱកាស ឲ្យកីឡាករវ័យក្មេងជំនាន់ ក្រោយនេះ ទេ​ក៏ផ្ដល់ឱកាសដល់កីឡាករចាស់ៗ ដែលចូលនិវត្ដន៍ទៅហើយ ក៏អាចប្រកួតប្រជែងដណ្ដើមពានជើងឯក និងប្រាក់រង្វាន់ផងដែរ ព្រោះការប្រកួតយើងមានការបែងចែកទៅតាមគីឡូ និងអាយុ ដែលមានជាច្រើនវគ្គ»

លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជា បានថ្លែងថាផងដែរថា «ពិតណាស់ ការចុះកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ រវាងកម្ពុជា-ថៃ នឹងជួយដល់កីឡាករ ប្រដាល់វ័យក្មេងជំនាន់ក្រោយ មានឱកាសបង្ហាញសមត្ថភាព នៅលើសង្វៀនប្រដាល់ជាខ្នាតអន្ដរជាតិ ដើម្បីដណ្ដើមជើងឯក និងប្រាក់រង្វាន់ច្រើនជាងធម្មតា ពិសេសនោះសូម្បីតែ កីឡាករចាស់ៗដែលបានចូលនិវត្ដន៍ទៅហើយ ក៏មានឱកាសវិលមកប្រកួតប្រជែង ដណ្ដើមជើងឯករវាងកីឡាករ ដែលមានលក្ខណៈដូចគ្នានេះដែរ មកពីបណ្ដាប្រទេសដទៃទៀត ក្នុងពិភពលោក»

លោកបន្ដថា ព្រឹត្ដិការណ៍ប្រកួតនេះ នឹងមានការចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយផងដែរ ដើម្បីយកកម្មវិធីនេះ មកផ្សាយជូន ប្រជាពលរដ្ឋខ្មែរយើង ដើម្បីទស្សនាព្រមគ្នាជាមួយ និងប្រទេសថៃ៕