(មូស្គូ)៖ ប្រអប់ខ្មៅដែលត្រូវបាន​ក្រុមរុករក​​ស្រង់ចេញ​ពីក្នុង​ទឹក​សមុទ្រនោះ គឺជាប្រអប់ «Flight-Data Recorder» របស់យន្ដ​ហោះ​យោធា​រុស្ស៊ី​ដែល​បាន​ធ្លាក់​ទៅក្នុង​សមុទ្រ​ខ្មៅកាលពីថ្ងៃអាទិត្យ ខណៈប្រអប់ «Cockpit-Voice Recorder» ពុំទាន់ត្រូវបានរកឃើញ​នៅឡើយទេ ហើយ​ក្រៅពីសាកសព​មនុស្សចំនួន ១៣នាក់​ដែលត្រូវបាន​រកឃើញ សាកសព​ជាច្រើននាក់ផ្សេង​​ទៀតត្រូវ​បានគេជឿជាក់​ថាអាច​នៅ​ជាប់​ក្នុង​​យន្ត​ហោះ​​ដែលលិចក្នុងទឹកនោះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដែលចេញផ្សាយ​ដោយសារ​ព័ត៌មាន RT នៅមុននេះបន្តិចនារសៀល​ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ក្រុមអ្នកជួយសង្រ្គោះប្រមាណជា ៣,៥០០នាក់ រួមជាមួយនាវា ៣៩គ្រឿង និងក្រុមអ្នកមុជទឹកបានចេញ​ប្រតិ​បត្តិ​ការ​​ស្វែង​រកប្រអប់ខ្មៅ​របស់យន្ដហោះ ក៏ដូចជាសាកសព​ជនរងគ្រោះ​ទាំងអស់ ហើយជាលទ្ធផលពួកគេបាន​រក​ឃើញសាកសព​មនុស្ស​១៣នាក់ និងប្រអប់ខ្មៅ «Flight-Data Recorder» ជាឧបករណ៍ដាច់ដោយឡែកមួយដែលមានតួនាទីរក្សាទុកនូវទិន្នន័យថ្មីៗ​របស់យន្តហោះនៅជម្រៅ​ប្រមាណ១៧ម៉ែត្រ និង​បំណែក​ចំនួនប្រាំ​បន្ថែមទៀត​នៃយន្ដហោះយោធារុស្ស៊ីធុន Tu-154 នៅជម្រៅ៣០ម៉ែត្រ។

ប្រអប់ខ្មៅទីមួយដ៏សំខាន់នេះ នឹងត្រូវបញ្ជូនទៅកាន់វិទ្យាស្ថាន សិក្សាស្រាវជ្រាវនៃក្រសួងការពារជាតិរុស្ស៉ី នៅឯទីក្រុង Lyubertsy នៅក្នុងរយៈ​ពេលប៉ុន្មានម៉ោងបន្ទាប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រង់យកទិន្នន័យ នៃការសន្ទនារបស់អាកាសយានិក។

គួរបញ្ជាក់ថា​យន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស ៩២នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥នាទីទៀបភ្លឺថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងមូស្គូ) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ី​ក្នុងដំណើរផ្លូវ​ឆ្ពោះទៅកាន់​ប្រទេសស៊ីរីដើម្បីអបអរ​សារទរ​បុណ្យណូអ៊ែល និងរៀបចំ ការប្រគំតន្ត្រី សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើង​នៅទីនោះ។ រីឯការសន្និដ្ឋាន​ជំហានដំបូងឲ្យដឹងថា មូលហេតុធ្លាក់​គឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកំហុសរបស់ពីឡុត ហើយវាមិនមែនជាទង្វើភេរវកម្មនោះទេ៕