(ភ្នំពេញ)៖ កីឡាករឆ្នើមក្នុងក្រុម ជម្រើសជាតិជប៉ុន Keisuke HONDA បានផ្ញើសារដ៏មានអត្ថន័យ ៣ចំណុចដល់ ប្រជាពលរដ្ឋខ្មែរទូទៅ នៅក្នុងឱកាសដែលរូបលោក បានមកទស្សនកិច្ច និងបង្ហាត់បង្ហាញពីការលេងបាល់ទាត់ ដល់ក្មេងៗនៅកម្ពុជារយៈពេល ៣ថ្ងៃមកនេះ មុនចាកចេញពីកម្ពុជាត្រឡប់ទៅ ប្រទេសជប៉ុនវិញនាម៉ោង ៨៖៣០នាទីយប់មិញនេះ។

កីឡាករវ័យ៣០ឆ្នាំ កម្ពស់១,៨២ម៉ែត្រខាងលើនេះ បានថ្លែងថា ក្នុងនាមជាយើងជាពលរដ្ឋ ក៏ដូចជាកីឡាករ១រូប យើងត្រូវជៀសឆ្ងាយ ឲ្យបានដាច់ខាតមានដូចខាងក្រោម៖

1/. យើងនាំគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងដែលនាំឲ្យមានពិការភាព និងបាត់បង់ជីវិត។
2/. ជៀសឲ្យឆ្ងាយពីគ្រឿង ដែលអាចបង្កឲ្យមានអំពើហិង្សា ខាតបង់ទ្រព្យសម្បតិ្តគ្រួសារ និងខូចសតិអារម្មណ៍ជាដើម។
3/. យើងទាំងអស់គ្នា នាំគ្នាលេងកីឡា ដើម្បីទទួលបានសុខភាពល្អ មាំមួន និងប្រាជ្ញាឈ្លាសវៃ ក្នុងការជៀសឆ្ងាយពី គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ការផ្ញើសារដ៏មានសារៈសំខាន់នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ជនជាតិជប៉ុន HONDA បានចែករំលែក បទពិសោធន៍លេងបាល់ទាត់ដល់ក្មេងៗកម្ពុជា ប្រមាណជាង ១០០នាក់នៅស្តាតអូឡាំពិក ហើយក៏រំពឹង ទទួលបានលទ្ធផលល្អផងដែរ បន្ទាប់ពីក្មេងៗក្រេបយកចំណេះដឹងនេះ ហើយក៏បានអំពាវនាវដល់មាតាបិតាក្មេងៗទាំងអស់ ជំរុញឲ្យកូនៗរបស់ពួកគេចូលរួមលេងកីឡា ឲ្យបានច្រើនផងដែរ ដើម្បីជៀសឆ្ងាយពីគ្រឿង និងល្បែងពាលាអាវាសែផ្សេងៗថែមទៀតផង។

សូមបញ្ជាក់ថា កីឡាករដែលកំពុងប្រកបអាជីពក្នុងក្លឹប AC Milan នៃប្រទេសអ៊ីតាលី និងក្រុមការងារបានចាកចេញពី កម្ពុជានៅម៉ោង ៨៖៣០នាទីយប់ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅ កម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែធ្នូមក ក្នុងដំណើរមកដល់ទឹកដីកម្ពុជាជាលើកទី២នេះ ដោយបានជួបសំណេះសំណាល ជាមួយនាយកឧត្តមសេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា (FFC) និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងផ្តល់ពិសោធន៍ ក៏ដូចជាបង្ហាត់បង្ហាញ អំពីរបៀបលេងបាល់ទាត់ឲ្យទទួលបានជោគជ័យ ដល់ក្មេងៗកម្ពុជាប្រមាណជាង ១០០នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកនោះ៕