(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះក្រុងក្រចេះ ខេត្តក្រចេះ ដឹកនាំដោយលោក ទ្រី ម៉េងលាង នាយរងរដ្ឋបាលព្រៃឈើក្រចេះ បានស្ទាក់ចាប់រថយន្ដសាំយ៉ុង ដឹកឈើខុសច្បាប់ចំនួន២គ្រឿង តែក្រោយកម្លាំងសមត្ថកិច្ច បានដកប៉ារ៉ាស់ចេញពីគោលដៅ ស្រាប់តែក្រុមឈ្មួញទាំងនោះ បានឆ្លៀតឱកាសលួចដឹកឈើចំនួន៤រថយន្ដទៀត។

លោក ទ្រី ម៉េងលាង បានឲ្យដឹងថា នៅវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងរបស់លោក បានបើកប្រតិបត្តិការចុះឃាត់រថយន្តដឹកឈើខុសច្បាប់ចំនួន ២គ្រឿង នៅមុខសាលាសង្កាត់ក្រចេះ ក្រុងក្រចេះ។

លោកបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយពេលកម្លាំងសមត្ថកិច្ចបានដកប៉ារ៉ាស់ ចេញពីគោលដៅស្ពានពាមទេរ មកផ្ទះរៀងខ្លួនវិញ ក្រុមឈ្មួញទាំងនោះ បានឆ្លៀតឱកាសលួចដឹកឈើចំនួន៤រថយន្ដទៀត ទៅដោយរលូន ហើយឈ្មួញឈើរូបនោះ ត្រូវបានកម្លាំងសមត្ថកិច្ចលួចបង្ហើបប្រាប់ថា ឈ្មោះ ពៅ ជាមន្ត្រីនគរបាលនៅខេត្តត្បូងឃ្មុំ។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា រថយន្ដចំនួន២គ្រឿង ដែលសមត្ថកិច្ចឃាត់នោះ ផ្ទុកឈើអាប្រភេទលេខ២ ជាង៦ម៉ែត្រគូប ហើយត្រូវកម្លាំងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើកាស្សា ដើម្បីកសាងតាមច្បាប់រដ្ឋបាលព្រៃឈើ៕