(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ រថភ្លើង​ និងព្រះរាជដំណាក់របស់ព្រះមហាក្សត្រ នៅខេត្តព្រះសីហនុ ត្រូវបានរៀបចំកែលម្អយ៉ាងប្រណិត​រួចរាល់​​ហើយ ដើម្បីត្រៀមសម្រាប់ព្រះមហាក្សត្រ យាងឆ្លងឆ្នាំនៅ​ខេត្តព្រះសីហនុ នាដំណាច់ឆ្នាំ២០១៦ ចូលឆ្នាំ២០១៧ ពោលគឺនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះ។ 

ក្នុងព្រះរាជដំណើរយាងទៅខេត្តព្រះសីហនុ របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ អមដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបផងដែរ។

លោក អ៊ុក សុខុន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាផ្ទាល់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ទទួលបន្ទុកត្រួតពិនិត្យការជួសជុលព្រះរាជដំណាក់ក្រុងព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អស់រយៈពេលជាង១ខែកន្លងមកនេះ ការងារជួសជុលព្រះរាជដំណាក់របស់ព្រះមហាក្សត្រ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការជួសជុលរួចរាល់ទាំងស្រុងហើយគិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ហើយនៅសល់តែការងារសំអាតទៀតប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងដំណើរយាងលើកដំបូងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ តាមផ្លូវរថភ្លើងនេះកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ រួមមាន៖ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងយោធពលខេមរភូមិន្ទ បានត្រៀមរួចរាល់ហើយ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ចាប់តាំងពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ និងតាមផ្លូវរហូតដល់ខេត្តព្រះសីហនុ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ។

ចំពោះក្រយាថ្វាយព្រះករុណា គឺសណ្ឋាគារកាំបូឌីយ៉ាណា នឹងរៀបចំថ្វាយព្រះករុណា និងសម្ដេចម៉ែទាំងអស់ ចាប់តាំងទ្រង់យាងទៅខេត្តព្រះសីហនុ រហូតដល់ទ្រង់យាងនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ ក្រោមការទទួលខុសត្រូវទាំងស្រុង របស់អ្នកឧកញ៉ា គិត ម៉េង​។

សូមជំរាបថា ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយនឹងបុគ្គលិក កម្មករ ជាច្រើនរយនាក់ នៅកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ដើម្បីយាងព្រះអង្គ ធ្វើទស្សនកិច្ចតាមរថភ្លើង ពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ហើយសម្តេចតេជោ នឹងដង្ហែព្រះមហាក្សត្រដោយផ្ទាល់។

ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែនដូចការអត្ថាធិប្បាយមួយចំនួន ដែលថាកសាងឡើងនៅសម័យ អាណានិគមបារាំងនោះទេ៕