(សៀមរាប)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងឲ្យដឹងថា ដើម្បីសម្រេចទិសដៅការងារ ឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព ត្រូវឈរលើកត្តាសំខាន់ៗចំនួន៤ចំណុច។

ចំណុចសំខាន់ៗទាំង៤ចំណុចនោះរួមមាន ទី១៖ កត្តាទទួលខុសត្រូវ និងតម្លាភាព ត្រូវទទួលស្គាល់កំហុសខ្លួនឯងដោះស្រាយឲ្យទាន់ពេលវេលាចេះឆ្លងយោបល់ ថ្នាក់ដឹកនាំ កុំទ្វេប្រហែសគោរពពេលវេលាគោរពផែនការ គោរពការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ កុំស្មានធ្វើដូចលិបលរជាដើម។

កត្តាទី២៖ ចេះធ្វើការងារជាក្រុម ត្រូវចេះផ្ទេរអំណាច និងតួនាទីភារកិច្ច កុំមើលបំណាំគ្នា ចេះសាមគ្គីគ្នា មិនមែនបង្កើតបក្សពួកទេ ត្រូវមានវិន័យសីលធម៌។

កត្តាទី៣៖ វិភាគតិន្នន័យ ព័ត៌មាន ត្រូវចេះក្តាប់សភាពការណ៍ទូទៅ ព័ត៌មានជាក់លាក់ នយោបាយ និងការងារ ជាអ្នកបម្រើឲ្យអ្នកនយោបាយ និងកត្តាចុងក្រោយពង្រឹងសមត្ថភាពខ្លួនឯង ផែនការ ការតាមដាន ការវាយតម្លៃ ប្រក្រតីទិន្នផលការងារ។

លោក ឯម ច័ន្ទមករា បានលើកឡើងឲ្យដឹង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦​ និងលើកទិសដៅ សកម្មភាពការងារឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សារសកម្មភាពជនពិការរៀបចំធ្វើ នៅសណ្ឋាគារអ៉ីនប្រេស៍ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦​ និងលើកទិសដៅ សកម្មភាពការងារឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំធ្វើក្រោមអធិបតីភាព លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សារសកម្មភាពជនពិការ តំណាងឲ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីមន្រ្តី អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាព ជនពិការសរុបចំនួន៦២រូប និងមានការចូលរួមពី លោកស្រី មាស ម៉ៅ តំណាងអង្គការ UNDP នៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមប្រឹក្សា សកម្មភាពជនពិការ ដែលមានអនុវត្តការងារនៅក្នុងឆ្នាំ២០១៦ បំរើដល់ការងារទាក់ទង នឹងពិការភាព ការជំរុញជនពិការដើម្បីបានចូលបំរើការងារតាមក្រសួងស្ថាប័ន និងការសាងសងជំរាល និងការរៀបចំកម្មវិធី សង្គមជាច្រើន ដើម្បីបំរើឲ្យជនពិការបានចូលរួមនៅក្នុងសង្គម។

ចំណែក លោកស្រី មាស ម៉ៅ តំណាងអង្គការ UNDP នៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះការវិវត្តន៍ថ្មីៗរបស់វិស័យពិការភាពដែលមាន ការយកចិត្តទុកដាក់ពីក្រសួងស្ថាប័ននានា ដែលពាក់ព័ន្ធកន្លងមកបើគេនិយាយ ពីវិស័យពិការ គឺគេសំដៅដល់ក្រសួងសង្គមកិច្ច ហើយលោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធ​ដែល យកចិត្តទុកដាក់ នឹងបំពេញការងារនេះបានយ៉ាងល្អ៕