(កំពង់ធំ)៖ ស្ត្រីរងគ្រោះម្នាក់ ខណៈកំពុងដើរទៅតាមប្ដីនៅឯចំការឆ្ងាយពីផ្ទះ ត្រូវក្រុមស្ទាវប្រមឹក៣នាក់ ចាប់រំលោភរហូតបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល ស្រ្តីរងគ្រោះរត់ទៅប្ដឹងកម្លាំងសមត្ថកិច្ចទាំងទឹកភ្នែក។

ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចអូរខាងកើត ភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ចម្ងាយពីផ្លូវជាតិលេខ៦២ ប្រហែល១គីឡូម៉ែត្រ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនរងគ្រោះមានឈ្មោះ ឈិន ណេង អាយុ៣២ឆ្នាំ រស់នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក​។ ឯជនសង្ស័យ ទី១.ឈ្មោះ យ៉ន សុភក្តិ អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ, ទី២.ឈ្មោះ ថៃ នួន អាយុ២៥ឆ្នាំ រស់នៅភូមិសាលា ឃុំកកោះ ស្រុកសន្ទុក ខេត្តកំង់ធំ និងទី​៣.ឈ្មោះ សុខ ជា រស់នៅភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំង់ធំ។

តាមការសាកសួរទៅលើជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុរូបគាត់ បានទៅតាមប្តីនៅចំការឆ្ងាយពីផ្ទះ លុះមកដល់ចំណុចស្ពានឆ្លងអូរ ក៏ជួបនឹងជនសង្ស័យទាំង៣នាក់ ដែលកំពុងផឹកស្រា ដោយកន្លែងនោះមានសភាពស្ងាត់ផងនោះ ជនទាំង៣ក៏បានចាប់រូបគាត់ រំលោភបានរហូតសម្រេចទាំង៣នាក់ ហើយរត់គេចខ្លួនបាត់។ ស្រ្តីជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍សាលាវិស័យតែម្ដង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍សាលាវិស័យ បានចុះទៅដល់កន្លែងកើតហេតុ ដោយធ្វើការស្រាវជ្រាវចាប់បានជនសង្ស័យបានទាំង៣នាក់។ ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕