(វិទ្យាសាស្រ្ត)៖ ក្រុមតារាវិទូបាននិយាយថា បន្ទាប់ពីការនៅស្ងៀមមិនកំរើកអស់រយៈពេល ២៧ឆ្នាំ ប្រហោងខ្មៅមួយ (Black Hole) ចាប់ផ្តើមមានសកម្មភាពឡើងវិញ ដោយវា​បានបញ្ចេញ​កាំរស្មីអ៊ិច ព្រមទាំងបានជះពន្លឺដល់​មន្ទីរពិសោធន៍​តារាសាស្រ្តចាប់តាំពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ហើយ​បច្ចុប្បន្ន​កាំរស្មីអ៊ិចនោះនៅតែ​បន្តការជះពន្លឺឡើងយ៉ាង​ភ្លឺចិញ្ចាចចិញ្ចែងដដែល។ នេះបើយោងតាម​ប្រភពព័ត៌មាន​វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ ២០១៦។

ក្រុមតារាវិទូបានបញ្ជាក់ថា​ ការត្រឡប់មកវិញនៃប្រហោងខ្មៅ​ដោយការបញ្ចេញពន្លឺ​កាំរស្មីអ៊ិច​​បានធ្វើឲ្យ​មានពន្លឺយ៉ាងសន្ធោសន្ធៅ​នៅក្នុងចង្កោមផ្កាយ Cygnus ក្នុងកាឡាក់ស៊ីមៀលគីវេយ៍យើងនេះ។ មិនតែ​ប៉ុណ្ណោះ​​ប្រហោងខ្មៅ​នេះបាន ស្រូបយកវត្ថុអវកាស​មួយចំនួន​ចូលទៅក្នុង ដោយទំនាញដ៏ខ្លាំងក្លារបស់វា​ថែមទៀតផង។   

គួរបញ្ចាក់ដែរថា កាំរស្មីនៃប្រហោងខ្មៅនេះ​ត្រូវបានប្រទះឃើញជាលើកដំបូង​ដោយផ្កាយរណប Swift របស់ភ្នាក់ងារអវកាសអាមេរិក NASA។ លុះក្រោយមក កាំរស្មីអ៊ិច ត្រូវបានរកឃើញដោយ មន្ទីរពិសោធន៍ជប៉ុន នៃស្ថានីយ៍អវកាសអន្តរជាតិ ISS៕