(សៀមរាប)៖ ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងការពារបេតិកភណ្ឌ ប្រចាំស្រុកប្រាសាទបាគង និងអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ការសាងសង់ របងថ្មខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលស្ថិតនៅក្នុងតំបន់ការពារទី១ នៃរមណីយដ្ឋានអង្គរ (តំបន់រលួស)។

សកម្មភាពចុះទប់ស្កាត់នេះ ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដោយតម្រូវឲ្យអ្នកមេម៉ៅការសំណង់ខាងលើធ្វើកិច្ចសន្យាជា លាយលក្ខណ៍អក្សរ ដើម្បីផ្អាកការសាងសង់។

លោក នួន សុគុណ ជាមន្ត្រីសណ្តាប់ធ្នាប់១រូប ដែលបានចូលរួមសកម្មភាពទប់ស្កាត់នេះ បានបញ្ជាក់ថា ការចុះទប់ស្កាត់នេះ ជាលើកទី២ហើយ បន្ទាប់ពីក្រុមការងារធ្លាប់បានចុះទប់ស្កាត់ម្តង កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ។

លោកបានបន្តថា ដោយមិនអាចជួបជាមួយម្ចាស់ដីផ្ទាល់ ក្រុមការងាររបស់លោកបានត្រឹមតែធ្វើកិច្ចសន្យាជាមួយមេជាងនិងសុំឲ្យគាត់ បញ្ឈប់ការសាងសង់ ហើយលោកសង្ឃឹមថា ម្ចាស់ដី និងមេជាងនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាការពារ តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ឲ្យបានគង់វង្ស ព្រោះអង្គរជាអត្តសញ្ញាណជាតិខ្មែរ ដែលត្រូវការពារឲ្យបានដាច់ខាត។

លោក ស៊ិន ឃី មេភូមិលលៃដែលបានចូលរួមសហការក្នុងសកម្មភាពចុះទប់ស្កាត់នេះ ក៏បានឲ្យដឹងដែរថា លោកបានចូលរួម ជាសាក្សីដឹងឮ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងគាំទ្រសកម្មភាពចុះទប់ស្កាត់សំណង់ណា ដែលធ្វើឡើងខុសច្បាប់។

លោកមេភូមិក៏បានជំរុញឲ្យប្រជាពរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវ មុននឹងសាងសង់សំណង់ផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរ៕