(រតនគិរី)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការដ្ឋាន បាននាំ យកថវិកាជាង ១៨លានរៀល (១៨.២១៨.៧២០រៀល) ជូនគ្រួសារសពលោកវរសេនីយ៍ទោ តាំង សាវឿន អតីតមន្រ្តីយោធាបម្រើការ ងារនៅការិយាល័យព្រំដែនប្រចាំការនៅខេត្តរតនគិរី។

ពិធីប្រគល់ថវិកានេះ បានធ្វើឡើងនៅគេហដ្ឋានគ្រួសារសពលោក តាំង សាវឿន ស្ថិតនៅភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានជម្រាបក្រុមគ្រួសារសពថា ថវិកាដែលបានយកមកប្រគល់ជូននេះ គឺជាថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ជួយសម្រួល និងដោះស្រាយការលំបាកដល់ក្រុមគ្រួសារ ដែលទទួលមរណៈភាព។

ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានគូសបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំអគ្គមបញ្ជាការក្រសួងការពារជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចគិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងបានគិតគូរជានិច្ចអំពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារកងទ័ពនៅទូទាំងប្រទេស។

ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានថ្លែងថា «ក្នុងពេលបច្ចុប្បន្នសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន និង នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជាអ្នកប្រតិបត្តិការងារផ្ទាល់នោះ បានធ្វើដំណើរទៅគ្រប់២៥រាជធានី-ខេត្ត ដើម្បីបានជួបសំណេះសំណាល និងស្តាប់ដោយផ្ទាល់នូវទុក្ខលំបាក និងបញ្ហា របស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ ហើយរាល់កង្វល់ និងទុក្ខលំបាកមួយចំនួនធំរបស់អតីតយុទ្ធជន ត្រូវបានដោះស្រាយដោយផ្ទាល់ក្នុងពេលចុះសំណេះសំណាលនោះ ហើយបញ្ហាមួយចំនួនទៀត ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ»

ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបញ្ជាក់ថា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ថវិកា សាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រគ្មានផ្ទះសម្បែងចំនួន ៣៥០ខ្នង និងផ្តល់ថវិកាបេឡាមរណជូនអតីតយុទ្ធជន ដែលទទួលមរណៈសរុបជាង៤ពាន់សព។ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ  បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព លោក តាំង សាវឿន ត្រូវយកចិត្តទុកដាក់អប់រំថែរក្សាឲ្យបានល្អ ទាំងសុខភាព និងការសិក្សា  ក្នុងនោះត្រូវយកចិត្តទុកដាក់ដល់ការកសាងសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពធូធា រស់នៅក្នុងភាពថ្លៃថ្នូរ និងប្រកបដោយសុភមង្គល។

ភរិយាសពលោក តាំង សាវឿន បានគោរពថ្លៃងអំណរគុណចំពោះថ្នាក់ដឹកនាំ អគ្គបញ្ជាការ និង ក្រសួងការពារជាតិ ជាពិសេសសម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែបានគិតគូរជានិច្ចដល់គ្រួសាររបស់កងទ័ព។ លោកស្រីថា នេះគឺជាការយកចិត្តទុកដាក់ ដ៏ធំមួយពីប្រមុខរាជដឹកនាំរាជរដ្ឋាភិបាល ដែលពួកគាត់មិនអាចបំភ្លេចបាន៕