(ភ្នំពេញ)៖ មន្ត្រីជំនាញលទ្ធភាពនៅអង្គភាពថវិកាមូលដ្ឋាន ២០០នាក់ បានទទួលការបណ្តុះបណ្តាលអំពី «វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ»។ លោកបណ្ឌិត ហ៊ាន សាហ៊ីប  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការបណ្តុះបណ្តាលនេះ ជាការងារចាំបាច់ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់ការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មន្រ្តីដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ មានមកពីអង្គភាពថវិកាថ្នាក់មូលដ្ឋាន ដែលជាមន្ទីរជំនាញមកពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងផែនការ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។

លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០១៦ នេះ មានក្រសួង ស្ថាប័ន ចំនួន ២៥ បាននិងកំពុងអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ ២០១៧ ខាងមុខ នឹងមានក្រសួង ស្ថាប័នចំនួន ១១ ថែមទៀត នឹងត្រូវចូលរួម ដែលធ្វើឱ្យមានក្រសួងស្ថាប័នកើនឡើងដល់ ៣៦ រួមនឹងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនេះ ។
 
លោកថា ប្រការនេះធ្វើឲ្យតម្រូវការបណ្តុះបណ្តាល និង កសាងសមត្ថភាពលើជំនាញពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធីមានការកើនឡើងជាលំដាប់ ក្នុងនោះ វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ  ជាជំនាញចាំបាច់មួយ ដែលក្រុមលទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និង ហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹងឲ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ចប្រកបដោយផលិតភាព និង ប្រសិទ្ធភាព ។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល  និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ ដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ «នៅឆ្នាំ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន ត្រូវបានរៀបចំ ឡើងជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ។ លើសពីនេះ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៦ នេះ មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញចាំបាច់ សម្រាប់អនុវត្តថវិកាកម្មវិធី និង កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤១វគ្គ ត្រូវបានសហការរៀបចំឡើងជូនមន្រ្តីរាជការ និង ថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន  និង អង្គភាពពាក់ព័ន្ធក្រោមឱវាទ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធី នៅឆ្នាំ ២០១៦ នេះ និង មានសិក្ខាកាមសរុប ៣២២០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ»

ក្នុងន័យនេះ  លោកបណ្ឌិតរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារ:សំខាន់សម្រាប់ការបង្កើនចំណេះដឹង និង សមត្ថភាព លើខ្លឹមសារនៃការរៀបចំគម្រោងធានាចំណាយ សម្រាប់អនុវត្តកិច្ចលទ្ធកម្ម, បទប្បញ្ញត្តិរួមនៃលទ្ធកម្ម, លទ្ធកម្មសេវាទីប្រឹក្សា, ផែនការលទ្ធកម្ម, ការកែតម្រូវផែនការលទ្ធកម្ម និង ការធ្វើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្ម ជូនដល់មន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ,  ក្រសួងធម្មការនិងសាសនា,  ក្រសួងផែនការ និង ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច សម្រាប់ត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ និង តម្រង់ទិសការអនុវត្តកិច្ច  លទ្ធកម្មរបស់ក្រសួងនីមួយៗ ឱ្យឈានទៅសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព។

ជាងនេះទៅទៀតវគ្គបណ្តុះបណ្តាលនៅពេលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា សម្រាប់ជួយបង្កើនសមត្ថភាព និងលើកកម្ពស់ការយល់ដឹងជូនដល់ក្រុមលទ្ធកម្មនៃអង្គភាពថវិកាមូលដ្ឋាន ពិសេស សម្រាប់ការអនុវត្តកិច្ចលទ្ធកម្មរបស់អង្គភាពថវិកា ឱ្យប្រព្រឹត្តទៅដោយរលូន, មានតម្លាភាព, មានគណនេយ្យភាព, មានការសន្សំសំចៃ និងឆ្លើយតបតាមតម្រូវការនៅតាមស្ថាប័នរៀងៗខ្លួន ព្រោះការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ គឺជាឧបករណ៍គោលនយោបាយដ៏សំខាន់ និង មិនអាចខ្វះបាន  ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ, ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះ សម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារនៅតាមអង្គភាពរបស់ខ្លួនវិញ៕