(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរជាតិ «កម្ពុជាអង្គរអ៊ែរ» ដែលមានចក្ខុវិស័យ ក្នុងការក្លាយជាអាកាសចរឈានមុខ ផ្ដល់សេវាកម្មលើផ្លូវ ហោះហើរក្នុង និងក្រៅស្រុក ប្រកបដោយសុវត្ថិភាពខ្ពស់ និងផាសុកភាពនោះ បាននាំយកនូវយន្ដហោះប្រភេទ Airbus A320 មួយគ្រឿងទៀត មកដល់កម្ពុជាហើយ បន្ទាប់ពីបានយក១គ្រឿងរួចមកហើយ កាលពីដើមខែធ្នូ ពីក្រុមហ៊ុន BOC Aviation Limited។

ក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ បានឲ្យដឹងទៀតថា នៅចុងឆ្នាំនេះ ក្រុមហ៊ុននឹងបន្ដនាំយកយន្ដហោះលំដាប់អន្ដរជាតិមួយគ្រឿងទៀត ផងដែរ ពីក្រុមហ៊ុន BOC Aviation Limited ដើម្បីបំពេញតម្រូវរបស់អតិថិជនកាន់តែល្អមួយកម្រិតទៀត។

សម្រាប់យន្ដហោះ ដែលក្រុមហ៊ុនអាកាសចរជាតិ «កម្ពុជាអង្គរអ៊ែរ» ជួលពីក្រុមហ៊ុន BOC Aviation Limited ចំនួន៣គ្រឿង ដែលយន្ដហោះ នាំចូលលើកទី១ កាលពីថ្ងៃទី០៤ ដើមខែធ្នូនេះ ពីរោងចក្រនៅប្រទេសអាល្លឺម៉ង់, លើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ពីរោងចក្រនៅក្នុងទីក្រុង ទូលូស ប្រទេសបារាំង ហើយសម្រាប់មួយគ្រឿងទៀត នឹងនាំយកមកនៅឆ្នាំនេះផងដែរ។

ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជាអង្គរអ៊ែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩ ។ កាលពីឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន បានដឹកជញ្ជូនភ្ញៀវចំនួនជិតមួយលាននាក់ នៅលើផ្លូវហោះហើរក្នុងស្រុក ចំនួន២ ក្រៅស្រុកចំនួន១០ និងជួលផ្ដាច់មួយចំនួនទៀត ។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.cambodiaangkorair.com៕