(ភ្នំពេញ)៖ លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «វិកលចរិត» បានថ្លែង​បញ្ជាក់ថា សម្រាប់ភាពយន្តខ្មែរ រឿង «វិកលចរិត» ដែលបាននាំយ​កទៅប្រកួត នៅក្នុងព្រឹត្តិការណ៍​មហោស្រពភាពយន្ត ប្រចាំក្នុងប្រទេសចិន ហើយទទួលបានពាន កាលពីពេលថ្មីៗនេះ គឺជាមោទនភាព ដ៏អស្ចារ្យមួយ សម្រាប់ជីវិតរបស់លោក ដែលបានប្រឡូក​ក្នុងវិស័យភាពយន្ត អស់រយៈពេល១៥ ឆ្នាំ និងជាពានលើកទី១ ធ្វើឲ្យលោករំភើបចិត្ត និងមានកម្លាំងចិត្តនៅក្នុងការបន្តការងារ​ ផលិតភាពយន្តបន្តទៀត បន្ទាប់ពីរួចផុត ពីការខាតបង់។

ចាងហ្វាងផលិតកម្ម «មាតុចក្រហ្វីលម៍» និងជាផលិតករវ័យក្មេង ហ៊ានលះបង់កម្លាំងកាយចិត្ត ក្នុងវិស័យភាពយន្តរូបនេះ បានបន្តថ្លែង ក្នុងកិច្ចសម្ភាសន៍ នាពេលថ្មីៗនេះ ទៀតថា ក្នុងរយៈពេល១៥ ឆ្នាំមកនេះ លោកបានប្រឹងប្រែងផលិតភាពយន្ត ខ្នាតធំ បានជាច្រើនរឿង ហើយទទួលបានជោគជ័យ​ជាបន្តបន្ទាប់។ ជាក់ស្ដែងដូចជារឿង «​​អាព្រឿងងាប់ហើយ,អាកុក អាច្រវ៉ា, ខ្មោចនាងចេកជ្វា» និងរឿង «វិកលចរិត» នេះជាដើម។ អ្វីដែលលោកត្រេកអរគ្មានអ្វីផ្ទឹម នៅពេលនេះ គឺការទទួលបានពានរង្វាន់ «The Screening Award of Lanmei International Film Wee» ក្នុងមហោស្រពភាពយន្តចិន។

លោក ហ៊ុយ យ៉ាឡេង និយាយថា «ខ្ញុំពិតជាសម្ដែង នូវក្ដីរីករាយមែន​ទែន ព្រោះនេះ​ជាពានរង្វាន់លើកទី១ សម្រាប់ជីវិតរបស់ខ្ញុំ ជាអ្នក​ផលិត​ភាពយន្ត ដែលប្រើអស់រយៈ​ពេល ជាង១៥ឆ្នាំ​មកហើយ ជាពានអន្តរជាតិមួយ សម្រាប់ខ្ញុំជាកូនខ្មែរ ក៏ដូចជាបងប្អូនប្រជាជន​ខ្មែរទាំងមូល។ ខ្ញុំក៏មិនភ្លេចអ្នកនៅជុំវិញខ្លួន ដែលបានជួយជ្រោមជ្រែង គ្រប់បែបយ៉ាង ជួយទាំងកម្លាំងកាយចិត្ត ហើយបើគ្មានអ្នកទាំងអស់នេះទេ ក៏ខ្ញុំគ្មានថ្ងៃនេះដែរ។

សូមបញ្ជាក់ថា រឿង «វិកលចរិត» ត្រូវបាននាំយកទៅប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តចិន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយមានបណ្ដាប្រទេសជាច្រើន ចូលរួម ជាពិសេសប្រទេស តាម​ដងទន្លេមេគង្គ។ ទោះបីជាមិនបានទទួល​បាន​​ចំណាត់ថ្នាក់លេខ១ ក៏រឿង «វិកលចរិត» ត្រូវបានគណកម្មការប្រកួត​​ សម្រេចផ្ដល់ជូន នូវពានរង្វាន់មួយ​មាន​ឈ្មោះថា «The Screening Award of Lanmei International Film Wee» ដែលជាពានខ្នាតអន្តរជាតិ​ ធ្វើឲ្យរឿង «វិកលចរិត» ទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។

ភាពយន្តរឿង «វិកលចរិត» ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វាយតម្លៃថា ល្អ មានគុណភាពសមស្រប ហើយមិនមែនជាភាពយន្តកំប្លែង ភ័យរន្ធត់ ឥតប្រយោជន៍ ដូចជាភាពយន្តដទៃ នាពេលកន្លងមកនោះទេ ព្រោះភាពវិកលចរិតរបស់មនុស្ស ត្រូវបានលាតត្រដាងក្នុងភាពយន្តនេះ ហើយនឹងធ្វើឲ្យអ្នកទស្សនា យល់កាន់តែច្បាស់៕