(ភ្នំពេញ)៖ បន្ទាប់ពីជជែកដេញដោលអស់រយៈពេលជិត៣ម៉ោង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានអនុម័តទាំងស្រុងហើយ ចំពោះសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមសំឡេងសមាជិក៩៣ លើ១០០រូប។

កិច្ចប្រជុំនៅព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតំណាង​រាស្រ្តរបស់គណបក្សទាំងពីរផងដែរ។ កិច្ចប្រជុំនេះគ្រាដំបូងមានកូរ៉ុម (សមាជិកសភា) តែ៩២ប៉ុណ្ណោះ ប៉ុន្តែបានកើនឡើងជាបន្តបន្ទាប់រហូតដល់១០០នាក់។

សូមបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាល បន្ទាប់ពីដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាំងពីដើមឆ្នាំ​២០១៦ មានប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

ចំណុចដែលបានសម្រេចធ្វើវិសោធនកម្មឡើងវិញនោះ មានដូចជាមាត្រា៩, មាត្រា៤០, មាត្រា៤១, មាត្រា៤៨, មាត្រា៧៥, មាត្រា៧៧, មាត្រា៩២, មាត្រា៩០ជាដើម៕