(ភ្នំពេញ)៖ ព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង និងសប្បុរសជនជាច្រើននាក់ បានចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ​ជាង៣០០នាក់ នៅសាលាបឋមសិក្សាបទុមវ័ន នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅបរិវេណសាលា ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ ព្រះគ្រូកោសល្យមុនី គឹម ធួង ព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង បានមានសង្ឃដីកា សំណេះសំណាលនិងសួរនាំ ពីសុខទុក្ខលំបាកដល់លោកគ្រូ អ្នកគ្រូ​ព្រមទាំងសិស្សានុសិស្ស ប្រកបដោយភាពទន់ភ្លន់រួសរាយរាក់ទាក់ និងផ្ដាំផ្ញើរឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រស្ដាប់ដំបូន្មាន ឪពុកម្ដាយក៏ដូចជាលោកគ្រូអ្នកគ្រូ។

ព្រះចៅអធិការវត្តតាំងក្រសាំង បានមានសង្ឃដីកាផ្តាំផ្ញើកូនៗក្មួយៗ ត្រូវតែចៀសវាងគ្រឿងញៀនជាដាច់ខាត កាលណាប្រើប្រាស់វាហើយ វាបង្កផលប៉ះពាល់ដល់យើងច្រើនណាស់។ គ្រឿងញៀន គឺជាជាសារធាតុដែលធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សុខភាពរបស់យើង។ ពួកវា​អាចផ្ដល់​ផលអាក្រក់ ​យ៉ាងធ្ងន់ធ្ងរ ទៅដល់ខួរក្បាល បេះដូង ដំណើរការ​លូតលាស់​ធំធាត់ របស់​កុមារ និង​យុវវ័យ​ និង​សរីរាង្គ​ដ៏ទៃ​​ទៀត​នៃ​​សារពាងកាយ អាច​ធ្វើ​ឲ្យគាំង​បេះដូង​ភ្លាមៗ ចំពោះ​​អ្នក​ប្រើប្រាស់​វា​ទោះបី​ជា​កុមារ​ក៏ដោយ។

ជាថ្មីម្តងទៀតនាពេលចែកសម្ភារសិក្សារដល់សិស្សានុសិស្ស ក៏មានការចូលរួមពីសំណាក់ ព្រះគ្រូកោសល្យមុនី គឹម ធួង ព្រះចៅអធិការវត្ត តាំងក្រសាំងខាងជើង ព្រះមេគណខេត្តកំពង់ស្ពឺ ព្រះចៅអធិការវត្តបទុមវ័ន ព្រះគ្រូសូត្រស្តាំ នាយកសាលា និងសប្បុរសជនជាច្រើននាក់ ផងដែរ។

ដោយមានការខ្វះខាតក្នុងការចាក់ដីបំពេញ ស្រះទឹកដើម្បីយកធ្វើជាទីធ្លា សាលាវិញ សប្បុរសជននិងព្រះចៅអធិការវត្ត តាំងក្រសាំងខាងជើង បានចូលបច្ច័យមួយចំនួនផងដែរ។

គួរំលឹកដែរថា ជារឿយៗព្រះគ្រូចៅអធិកាវត្ត  តែតែងផ្ដល់នូវទេយ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ  ចែកជូនពលជនរងគ្រោះនិងជនចាស់ជរា ទីទ័លក្រ តែងតែបានទទួលនូវការឧបត្ថម្ភ នូវថវិការនិង គ្រឿងឧបភោគបរិភោគផ្សេងៗមួយ ចំនួនពីព្រះគ្រូចៅអធិការតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ។

អំណោយដែលត្រូវបានព្រះគ្រូចៅអធិកាវត្ត និងសប្បុរសជនយកមកចែកជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ រួមមានសៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ ព្រមទាំងឧបត្ថម្ភថវិកាសរុប ចំនួន៤លាន២សែនរៀល៕