(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺសហ្វានែន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រគល់រង្វាន់ជាច្រើន ដល់អតិថិជនរបស់ខ្លួន មានដូចជាម៉ូតូ ទូរទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវជាដើម ដើម្បីលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុ ដូចជាកម្ចីប្រាក់ទិញលំនៅឋាន ជួសជុលផ្ទះ ឬសាងសង់ផ្ទះ។

ក្នុងពិធីប្រគល់រង្វាន់ដល់អតិថិជន ខាងលើនេះ លោកស្រី ជុន សុថានី អគ្គនាយិកាហ្វឺសហ្វាយនែន បានថ្លែងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺសហ្វាយនែន បាននិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន គិតចាប់តាំងពីពេលដំណើរការ នៅឆ្នាំ២០០៩ រហូតដល់សព្វថ្ងៃនេះ។

លោកស្រីបានបន្តថា គ្រឹះស្ថានហ្វឺសហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណតែមួយគត់នៅកម្ពុជា ដែលផ្តល់សេវាប្រាក់កម្ចីខ្នាតតូច ទាក់ទងទៅនឹងផ្ទះសម្បែង មានរយៈពេលកម្ចី១៥ឆ្នាំ។ បច្ចុប្បន្ន គ្រឹះស្ថានហ្វឺសហ្វាយនែន បានផ្តល់សេវាប្រាក់ កម្ចីដល់ប្រជាជនដែលមានចំណូលទាប និងមធ្យមច្រើនជាង ១,៧០០គ្រួសារ ជាមួយផលបត្រឥណទានច្រើនជាង ២០លានដុល្លារ។

លោក ជុន សុថានី បានបន្ថែមថា «តាមរយៈចំនួនផលបត្រឥណទាននេះ បានធ្វើឲ្យគ្រឹះស្ថានហ្វឺសហ្វាយនែន ឈរនៅលេខរៀងទី១០ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាង៧០ ក្នុងប្រទេសកម្ពុជា។ យើងមានការិយាល័យសាខាក្នុង​រាជធានីភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ហើយការិយាល័យទាំងនោះ ក៏បានធ្វើប្រតិបត្តិការគ្របដណ្តប់ក្នុងខេត្តកណ្តាល កំពង់ស្ពឺ ប៉ៃលិន និងឧត្តរមានជ័យ ផងដែរ»

លោកស្រីអគ្គនាយិការ ក៏បានថ្លែងអំណរគុណ​​ដល់​អតិថិជនទាំងអស់ ដែលបានបន្តការគាំទ្រ និងប្រើប្រាស់សេវាប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺសហ្វាយនែន​ តាំងពីពេលចាប់ផ្តើមរហូតមកដល់ពេលនេះ។

លោកស្រី ជុន សុថានី ជឿជាក់ថា អតិថិជននៅតែបន្តគាំទ្រ និងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ហើយគ្រឹះស្ថានហ្វឺសហ្វាយនែន នឹងប្តេជ្ញាធ្វើជាដៃគូ និងខិតខំបម្រើសេវាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជូនអតិថិជន៕