(ភ្នំពេញ)៖ បេក្ខនារី ឈិន​ ម៉ានិច្ច ទទួលបានជ័យជំនះលេខ១ នៅក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី២ វគ្គផ្តាច់ព្រ័តរបស់ទូរទស្សន៍ ហង្សមាស ដែលទើបបានបញ្ចប់នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដែលបានធ្វើឡើងនៅស្ទូឌីយោហង្សមាស ផ្សារទំនើបអេអនម៉ល ជាន់ទី៤។

ជាមួយនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអរសាទរចំពោះបេក្ខនារី ឈិន ម៉ានិច្ច ដែលទទួលបានជ័យជំនះលេខ១ នៅក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី២នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា៖

ខ្ញុំសូមអបអរសាទរចំពោះ បេក្ខនារី ឈិន​ ម៉ានិច្ច ដែលទទួលបានជ័យជំនះលេខ១ នៅក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី២ វគ្គផ្តាច់ព្រ័តរបស់ទូរទស្សន៍ហង្សមាស ដែលទើបបានបញ្ចប់ នៅមុននេះបន្តិច។ តាមរយៈការប្រកួតប្រជែងកម្រិតអន្តរជាតិនេះ គឺបានបង្ហាញអោយឃើញនូវសមត្ថភាពពិតរបស់ក្មួយៗទាំងអស់។ ម្នាក់ៗគឺសុទ្ឋតែមានទេពកោសល្យ និងសមត្ថភាពគួរអោយសរ សើរ។ ទោះបីក្មួយៗមួយចំនួនមិនបានជាប់ជ័យលាភីលេខមួយក្តី គឺត្រូវតាំងចិត្តខិតខំអោយកាន់តែល្អជាងនេះ ដើម្បីចូលរួមប្រកួត ប្រជែងនៅវគ្គក្រោយៗទៀត។

សូមអរគុណដល់ក្មួយៗគណកម្មការទាំងអស់ដូចជា ក្មួយព្រាប សុវត្ថិ ក្មួយ ឱក សុគន្ឋកញ្ញា ក្មួយ ណុបបាយ៉ារិទ្ឋ និង ក្មួយ ឆន សុវណ្ណរាជ ព្រមទាំងលោកនាយកស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីផ្តល់ឱកាសអោយយុវជន បានចូលរួមប្រកួតប្រជែង សមត្ថភាពលើផ្នែកចម្រៀង។

ចំពោះក្មួយៗដែលមិនទាន់បានជាប់ក្នុងវគ្គនេះ គឺកុំទាន់អស់សង្ឃឹម ត្រូវព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងយក ជ័យជំនះអោយបាននៅវគ្គលើកក្រោយ។ ជូនពរក្មួយៗព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខ ជោគជ័យ និងសំណាងល្អគ្រប់ៗគ្នា៕