(ភ្នំពេញ)៖ តារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda ខ្សែប្រយុទ្ធដ៏ឆ្នើមនៃក្រុមសាំម៉ូរ៉ៃជប៉ុន និងបច្ចុប្បន្នលេងឲ្យក្លឹប AC Milan របស់ប្រទេសអីុតាលីនោះ បានមកជាន់ទឹកដីកម្ពុជា ជាលើកទី២ហើយនៅពេលនេះ។

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់ បានប្រាប់អង្គភាព Fresh News ថា  Keisuke Honda បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃរសៀលម្សិលមិញ ហើយនៅយប់ថ្ងៃនេះលោក បាននិងកំពុងជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ នៅហាង សាំបាលើការជំរុញអភិវឌ្ឍន៍​វិស័យកីឡាបាល់ទាត់ នៅកម្ពុជាកាន់តែរីកចំរើនខ្លាំងឡើង ដោយសារតែកីឡាករលំដាប់​ពិភពលោកម្នាក់នេះ​បានប្តេជ្ញាមកបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយ។

បើតាមលោក ខៀវ សាម៉េត នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក  Keisuke Honda ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឲ្យចូលជួបពិភាក្សាការងារផងដែរ។

មន្រ្តីសហព័ន្ធបាល់ទាត់ ធ្លាប់បានបញ្ជាក់ថា តារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda រូបនេះ គ្រោងនឹងមកធ្វើកម្មវិធី Soccer Camp នៅទីក្រុងភ្នំពេញ ដើម្បីចែក​រំលែក​បទពិសោធន៍បាល់ទាត់ដល់កុមារកម្ពុជា ដែលកម្មវិធីនោះមានឈ្មោះថា «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP»។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលខ្សែបម្រើប្រយុទ្ធកំពុងប្រកបអាជីពនៅលីគកំពូលអ៊ីតាលីជាមួយក្លឹប AC Milan លោក Keisuke Honda មកទស្សនកិច្ចផ្លូវការ​នៅកម្ពុជា គ្រាដែលលើកទី១ គឺមកសិក្សាពីគម្រោងបង្កើតសាលាបាល់ទាត់នៅកម្ពុជា ហើយបច្ចុប្បន្នសាលានោះ បានបើកដំណើរជាផ្លូវការហើយដែរ ដែលមានឈ្មោះថា «SOLTILO FAMILIA Soccer School» មានទីតាំងនៅទីលាន RooY7 និងទីលាន 3G។

លោក ខៀវ សាម៉េត បានបញ្ជាក់ថា លោក Keisuke Honda នឹងត្រឡប់ទៅវិញ នៅយប់ថ្ងៃស្អែក។