(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖៤៥នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញវិល​ត្រលប់មកដល់ភូមិគ្រឹះរបស់សម្តេចនៅរាជនីភ្នំពេញវិញហើយ បន្ទាប់ពីអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើកសម្ពោធព្រឹត្តិការណ៍បុណ្យសមុទ្រ ដ៏ធំមួយនៅឯក្រុងព្រះសីហនុ រយៈពេល២ថ្ងៃកាលពីថ្ងៃទី២៣-២៤ ខែធ្នូ។

ជាមួយគ្នានេះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាព Fresh News តាមរយៈទូរស័ព្ទនាមុននេះ​បន្តិចនាព្រឹកថ្ងៃអាទិត្យនេះថា នៅក្នុងព្រឹត្តិការបុណ្យសមុទ្រនៅថ្ងៃទី២នេះ មានអ្នកចូលរួមទស្សនាកម្សាន្តជាង២០ម៉ឺននាក់ បានប្រកបដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ក្រោមវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញជាអធិបតិក្នុងកម្មវិធីបើកសម្ពោធព្រឹត្តិការណ៍បុណ្យសមុទ្រ កាលពីព្រលប់ថ្ងៃទី២៤ ម្សិលមិញនេះ។

សូមជំរាបថា ព្រឹត្តិការណ៍បុណ្យសមុទ្រនេះមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូនេះ និងបាននឹងកំពុង​ប្រារព្ធធ្វើឡើងនៅឯក្រុងព្រះសីហនុ៕