(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងផលិតក្រដាសពន្ធ​ កាតគ្រីម៉ូតូ កាតគ្រីឡាន លតាប័ត្រ ប័ណ្ណបើកបរម៉ូតូ ក្រដាសឈៀករថយន្តក្លែងក្លាយដ៏ធំ​មួយកន្លែងស្ថិតនៅផ្ទះលេខ ៧១A ផ្លូវលេខ ០៩ សង្កាត់ព្រៃស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ដឹកនាំដោយលោក ចែ សុង ​ព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ​, លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោរួម សហការជាមួយមន្រ្តីគយនឹងមន្រ្តីពន្ធដារ សាខាខណ្ឌដង្កោ ដោយឃាត់ខ្លួនបានមនុស្សម្នាក់ និងឆែកឆេររកឃើញសម្ភារនឧបករណ៍ផលិតមួយចំនួនធំ​ ។

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានធ្វើការឆែក​ឆេរ​ទីតាំងផលិត​រកឃើញសម្ភារចំនួន១៥មុខ ប៉ុន្តែមានតែ៦មុខទេ​ដែលក្រុមសង្ស័យទាំងនោះ ​យកទៅចែក​ចាយលក់ជូនបងប្អូន​ប្រជាពលរដ្ឋទូរទាំងរាជធានី ខេត្តក្នុងតម្លៃទាប។

​លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ​ដង្កោ​បាន​​ថ្លែងថា មុននឹងឈានដល់ការបង្ក្រាបទីតាំងខាង​លើនេះ ដំបូងឡើយលោក​ទទួលបានសេចក្តីរាយការណ៍ពី​ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើថា មានមនុស្សចេញចូលច្រើន ហាក់មានអ្វីបង្ក្រប់នៅក្នុងនោះ ដូច្នេះលោកបានដាក់កម្លាំងតាមដាន​អស់រយៈពេលជិត​៣ខែមកហើយ ទើបនៅល្ងាចថ្ងៃទី២៣ ខែធ្នូម្សិលមិញនេះ មានបុរសម្នាក់ជាបុគ្គលិកដែលបម្រើការក្នុងទីតាំងខាងលើបានជិះ​ម៉ូតូ​ដឹកសម្ភារមួយកាបូបស្ពាយចេញពី​ទីតាំងសង្ស័យ ដូច្នេះកម្លាំងលោកក៏បាន​ជិះតាម​នឹងធ្វើ​ការឃាត់ខ្លួនសួរនាំនៅចំណុចផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ ជាក់ស្តែងរកឃើញ​ពន្ធក្លែងក្លាយចំនួន៦មុខ រួមមានក្រដាស​កលតាប័ត្រពន្ធផ្លូវ  កលតាប័ត្រពន្ធគយ កាត់គ្រីម៉ូតូ កាត់គ្រីឡាន នឹងក្រដាសឈៀករថយន្ត ប័ណ្ណបើកបរយានជំនិះ។

​លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងកោតសរសើដល់កម្លាំងនគរបាលខណ្ឌដង្កោ ដែលបានបង្រ្កាបទីតាំងផលិតពន្ធក្លែងក្លាយនេះ ព្រោះបើសិនជា ទីតាំងនេះនៅដំណើរការនោះគឺរដ្ឋបានបាត់បង់ចំណូលយ៉ាងធំធេង។ ហេតុនេះតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ​នឹងចាត់វិធានការកសាង សំណុំរឿង​បញ្ជូនខ្លួន ជនសង្ស័យដែលឃាត់​បាន នេះទៅនឹង​សួរនាំស្រាវជ្រាវតាមចាប់បក្សពួកបន្តទៀត។

​ប្រធានសាខាពន្ធដាខណ្ឌដង្កោ លោក អេង ទីតា​ បានថ្លែងប្រាប់អ្នកព័ត៌មានថា ប្រតិបត្តិការមួយ នេះជាជោគជ័យដ៌ធំធេងណាស់ ដែលកម្លាំងរបស់អធិការខណ្ឌដង្កោ ធ្វើការបង្ក្រាបបទល្មើសបាន ព្រោះបទល្មើសវាជះទ្ធិពល​ខ្លាំងដល់ការប្រមូល​ចំណូលជាតិទាំងពន្ធដារ ​ យើងបានពិនិត្យឃើញស្រាប់​ហើយទៅលើ​រថយន្តគ្រប់ប្រភេទភាគច្រើន​មានកសារក្លែងក្លាយ ដែលធ្វើឲ្យបាត់បង់ចំណូលជាតិនឹង ធ្វើបាត់សេចក្តីទុក្ខចិត្តអ្នកចុះពន្ធផងដែរ ដូច្នេះការបង្ក្រាបបទល្មើសនេះគឺជាជោគជ័យធំណាស់។

លោកបន្តថា បើសិនជាទុក្ខឲ្យជនទាំងនេះបន្តប្រព្រឹត្តបទល្មើសតទៅទៀតយើងមានបញ្ហាច្រើន បាត់ជំនឿពីប្រជាពលរដ្ឋ ជាពិសេសបាត់បង់ចំណូលជាតិជាធំ ហើយសង្ឃឹមថាកម្លាំងសមត្ថកិច្ចនឹងសហការគ្នាបន្តបង្ក្រាបបទល្មើសណាដែលធ្វើប៉ះពាល់ដល់ចំណូលជាតិ និងប៉ះពាល់បញ្ហាផ្សេងៗ។​

​លោក ធៀម ថា ប្រធានសាខាគយខណ្ឌដង្កោបានលើកឡើងថា ពន្ធឡានមួយគ្រឿង​តម្លៃ​រាប់​ពាន់​ដុល្លារ ហើយបើទីតាំងដែលបង្ក្រាបនាពេលនេះនៅបន្តអាជីវកម្មគឺ រដ្ឋបានបាត់បង់ចំណូលច្រើន ព្រោះ​ដោយសារអាជីវកម្មនេះអាចធ្វើកលតាប័ត្រពន្ធគយលក់ជូនប្រជាពលរដ្ឋ។​

គួរបញ្ជាក់ថា ក្នុងថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦នេះ កម្លាំងចម្រុះបានចុះ​ដកហូត​យក​សម្ភារ​ក្នុងទីតាំងផលិតយកទៅរក្សាទុក្ខបណ្តោះអាសន្នរង់ចាំចំណាត់ការ ហើយក្នុងរង្វង់ប្រតិបត្តិការណ៍​ខាងលើនេះសមត្ថកិច្ចក៏ដូចជាមន្រ្តីជំនាញនៅមិនទាន់អាចបញ្ជាក់ថា ទីទាំងខាងលើបានផលិតនឹងចែក​ចាយក្រដាស​កលតាប័ត្រពន្ធផ្លូវ កលតាប័ត្រពន្ធគយ កាត់គ្រីម៉ូតូ កាត់គ្រីឡាន នឹងក្រដាសឈៀក​រថយន្ត ប័ណ្ឌបើកបរយានជំនិះ បានប៉ុន្មានទេ ហើយសរុប ជាថវិកាក៏នៅមិនអាចបញ្ជាក់បានឡើយ ដោយសារកំពុងបន្តនិតីវិធីសាកសួរទៅលើកជនដែលប្រព្រឹត្ត​បទល្មើស៕