(ព្រះសីហនុ)៖ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានស្វាគមន៍ និងសាទររថយន្តសម្អាតផ្លូវរបស់ស្រាបៀរកម្ពុជា ដែលបានធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដើម្បីជួយសម្អាតផ្លូវក្នុងខេត្ត ក្នុងអំឡុងពេលពីធីបុណ្យសមុទ្រ។

រថយន្តសម្អាតផ្លូវរបស់ស្រាបៀរកម្ពុជាចំនួនពីរគ្រឿង បានទៅដល់ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ និងបានចាប់ផ្តើមសម្អាតផ្លូវឯករាជ្យមុនគេ។ រថយន្តនេះគ្រោងនឹងសម្អាតផ្លូវចំនួនបីខ្សែរួមមាន ផ្លូវ២ធ្នូ ផ្លូវអូរឈើទាលលេខ៥០០ និងផ្លូវឯករាជ្យលេខ១០០ ដោយសម្អាតផ្លូវចំនួនពីរខ្សែរក្នុងមួយថ្ងៃ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានលើកឡើងថា «ទីក្រុងស្អាត សុខភាពល្អគឺជាពាក្យស្លោករបស់យុទ្ធនាការរបស់យើង ហើយយើងទាំងអស់គ្នាមានតួនាទីរក្សាអនាម័យទីក្រុងយើង និងប្រទេសរបស់យើង។ ទីក្រុងព្រះសីហនុ ជាពិសេសបានប្រារព្ធពីធីបុណ្យសមុទ្រ ដែលមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកទស្សនា។ ដូច្នេះខ្ញុំសង្ឃឹមថា រថយន្តសម្អាតផ្លូវពីរគ្រឿងថ្មីស្រឡាងនេះ ជួយកាត់បន្ថយបន្ទុករបស់ ខេត្តព្រះសីហនុបានមួយចំនួន»

យុទ្ធនាការណ៍សម្អាតផ្លូវក្នុងខេត្តព្រះសីហនុនេះ ជាការសហការរវាងក្រសួងបរិស្ថាន អជ្ញាធរខេត្តព្រះសីហនុ និងក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត៕