(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកមង្គលបូរី សហការណ៍ជាមួយកម្លាំងនគរបាល នៃការិយាល័យគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបមុខសញ្ញា និងមុខសញ្ញា​ប្រាស់គ្រឿងញៀន បានចំនួន៤នាក់ ដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនូនធំ និងសំភារៈមួយចំនួនទៀត។ ប្រតិបត្តិការនេះកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិរោងគោ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកការិយាល័យគ្រឿងញៀន បានថ្លែងឲ្យភ្នាក់ងារ Fresh News ដឹងនាល្ងាចថ្ងៃទី២៣ ខែធ្នូនេះថា ក្រោយពីកម្លាំងយើងធ្វើការស្រាវជ្រាវ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងសម្របសម្រួលដោយលោក មាស ច័ន្ទីពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួចមក កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបាន ជនសង្ស័យ ចំនួន៤នាក់ ទី១ ឈ្មោះ ព្រឹក វន្ថា ភេទប្រុស អាយុ២៦ឆ្នាំ ប្រើប្រាស់ ទី២ ឈ្មោះ ផន វ៉ាន់យី ភេទប្រុស អាយុ១៧ឆ្នាំ ប្រើប្រាស់ ទី៣ អាន វិសាល ហៅវ៉ាន់ ភេតប្រុស អាយុ២៤ឆ្នាំ ជួយដូ និងទី៤ ឈ្មោះ ឆម រៈ ភេទប្រុស អាយុ២១ឆ្នាំ ជនសង្ស័យទាំងនេះរស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកបន្ថែម វត្ថុតាង​ដកហូត រួមមាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន អាយ ចំនួន១៤កញ្ចប់តូច ដែកកេះ ចំនួន២ ដែកសំរាប់ជក់គ្រឿងញៀន១ បំពង់បឺត ទូរស័ព្ទដៃ ចំនួន៥គ្រឿង ថងតូចសំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។

  ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យខាងលើនេះបានសារភាព ចំពោះមុខសមត្ថកិច្ចជំនាញថា គ្រឿងញៀន និងវត្ថុតាងផ្សេងៗពិតជា របស់ខ្លួនពិតមែន ។
  បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង ជនសង្ស័យ និងវត្ថុតាងទាំងអស់បញ្ជូន ទៅកាន់សាលាដំបូងនាល្ងាចថ្ងៃទី២៣ ខែធ្នូនេះតែម្តង៕