(ភ្នំពេញ)៖ ឌុយមិចកម្ពុជាជាមួយនឹងគំនិតផ្ដួចផ្ដើមគំរោងទំនួលខុសត្រូវសង្គមរបស់ខ្លួន​បាន​បរិច្ចាគ​ទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ ទៅដល់មូលនិធិ​មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី 21 ខែធ្នូ ឆ្នាំ ២០១៦ ក្នុងគោលបំណងគាំទ្រប្រតិបត្តការណ៍ប្រចាំថ្ងៃ ក៏ដូចជាបេសកកម្មរបស់មន្ទីរ​ពេទ្យគន្ធបុប្ផា​។

លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានទទួលយកនូវ​ការ​បរិច្ចាគមូលនិធិនេះ ព្រមទាំងសម្ដែងនូវការអរគុណ​ដល់ឌុយមិចកម្ពុជា​​ចំពោះគំនិតផ្ដួចផ្ដើម​​គំរោងទំនួលខុសត្រូវសង្គម ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តការណ៍ប្រចាំ​ថ្ងៃ​ និង​បេសកកម្ម​របស់​​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា «មន្ទីរពេទ្យគន្ធបុប្ផា កំពុង​មាន​​​​តំរូវការខ្ពស់ផ្នែកមូលនិធិដើម្បីបន្តប្រតិបត្តការណ៍ប្រចាំថ្ងៃ ​ដោយសារតែមន្ទីរពេទ្យមាន​កំណើន​​អ្នកជម្ងឺដែលត្រូវផ្ដល់សេវាថែរក្សា និងព្យាបាលខ្ពស់»

លោក Martin Hoelscher​ ប្រធានគ្រប់គ្រងទូទៅ Danone​ Nutricia ឥណ្ឌូចិន បានបញ្ជាក់ប្រាប់ពីបេសកកម្មរបស់ Danone​ Nutricia ​ដែលជាក្រុមហ៊ុនឈាន​មុខគេមួយ​ផ្នែក​អាហាររូបត្ថម្ភសំរាប់អាយុកាលដំបូង ក្នុងចំណោមក្រុមហ៊ុនដទៃទៀតនៅអឺរ៉ុបថា​បេសកកម្ម​របស់យើងគឺ «ស្ថិតនៅជិតអ្នកម្ដាយ​ដើម្បីចិញ្ចឹមបីបាច់ជីវិតថ្មី» ដោយជំរុញការ​ណែនាំ​អំ​ពី​អាហាររូបត្ថម្ភប្រកបដោយសុខភាពល្អតាមរយះកម្មវិធីអប់រំ និងសេវាកម្ម​របស់​យើង។ យើងប្ដេជ្ញាចូលរួមលើកកម្ពស់​ស្ថានភាពអាហាររូបត្ថម្ភ តាមរយះការផ្ដល់នូវ​អាហាររូបត្ថម្ភ​អាយុ​កាល​ដំបូងដោយការយកចិត្តទុកដាក់ខ្ពស់ ការយល់ច្បាស់ពី​តំរូវការរបស់មាតាបិតា ព្រមទាំងភាពស្ទាត់ជំនាញរបស់យើង។

ការបរិច្ចាគមូលនិធិទៅដល់មន្ទីរពេទ្យគន្ធបុប្ផានាថ្ងៃនេះ គឺស្របតាមការប្ដេជ្ញាចិត្តរបស់យើង ដើម្បីបង្ហាញអំពីស្មារតីផ្ដោលើកម្មវិធីទំនួលខុសត្រូវសង្គម ក្នុងគោលបំណងបង្កើតនូវ​ការផ្លាស់ប្ដូរជាវិជ្ជមានលើផ្នែកសុខភាពរបស់កុមារកម្ពុជា។ បន្តទៅទៀតឌុយមិចនឹងនៅតែបន្តកម្មវិធី ទំនួលខុសត្រូវ​សង្គមរបស់ខ្លួន ដោយធ្វើការ​សហការណ៍ ​ជាមួយមន្ទីរពេទ្យគន្ធបុប្ផា៕