(ភ្នំពេញ​​​)៖ ​ក្រោយ​បើក​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ ផ្តន្ទា​ទោស​លោក​ អ៊ុំ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​និង​ពិន័យ​៤លាន​រៀល​ ។

គួរ​រំលឹក​ថា​ លោក​ ហេង​ សុខណា​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​​រសៀល​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ អ៊ុំ​ សំអាន​ ​ចំនួន​ពីរ​បទល្មើស​ គឺ​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាម​មាត្រា​៤៩៥​ និង​ ៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ និង​ ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦​ ។

ក្នុង​ការ​ប្រកាស​សាលក្រម​នេះ​ លោក​ចៅក្រម​ ហេង​ សុខណា​ បាន​អាន​សំអាង​ហេតុ​ចំនួន​១៥ចំណុច​ ។​ ចំណុច​សំខាន់​ៗ​មាន​ដូចជា​ លោក​ អ៊ុំ​ សំអាន​ ពិត​ជា​មាន​ចេតនា​ប្រព្រឹត្ត​បទល្មើស​ ។​ លោក​ អ៊ុំ​ សំអាន​ នៅ​តែ​មាន​អភ័យ​ឯកសិទ្ធិ​សភា​ ដដែល​ តែ​ដោយសារ​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ មាន​ចែង​តាម​មាត្រា​៨៦នៃ​ក្រម​នីតិវិធី​ ព្រហ្មទណ្ឌ​ គឺ​តុលាការ​អាច​ដំណើរការ​ក្តី​បាន​ជា​ធម្មតា​​ ៕