(ភ្នំពេញ)៖ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ កាន់តែជិតចូលមកដល់ហើយ ខណៈបេក្ខជន-បេក្ខនារីទាំង៣ ដែលជា Idol របស់លោកអ្នក នឹងឡើងប្រកួតប្រជែងសមត្ថភាព យ៉ាងស្វិតស្វាញ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។

ក្នុងចំណោមបេក្ខជន-បេក្ខនារីទាំង៣រូប គឺមានតែមួយរូបប៉ុណ្ណោះដែលនឹងក្លាយជាម្ចាស់ជយលាភី ទទួលបានពានរង្វាន់ក្នុងរដូវកាលទី២នេះ។ ម្នាក់នោះគឺជាបេក្ខជន ឬបេក្ខនារី ដែលមហាជនគិតថា មានសមត្ថភាពខ្ពស់ មានសំឡេងល្អ ស័ក្តិសមជា Idol សម្រាប់ប្រជាជនទូទាំងប្រទេស។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាផ្ទាល់ នៅស្ទូឌីយោហង្សមាស ផ្សារទំនើប អេអនម៉ល ជាន់ទី៤ ចាប់ពីម៉ោង​៨យប់តទៅ។ ជាពិសេសទស្សនិកជន សូមកុំភ្លេចបន្តបោះឆ្នោតគាំទ្រ បេក្ខជន-បេក្ខនារី ដែលលោកអ្នកពេញចិត្ត និងគិតថា មានសមត្ថភាពពិតប្រាកដ ដើម្បីកាន់ពានរង្វាន់ Cambodian Idol រដូវកាលទី២នេះ៕