(ភ្នំពេញ)៖ បន្ទាប់ពីមានការកោះហៅរដ្ឋមន្រ្តីក្រសួងរ៉ែ និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលរួចមក ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ក៏បានបន្តកោះហៅ​រដ្ឋមន្រ្តីក្រសួងធម្មការ​និងសាសនា លោក ហ៊ឹម ឆែម ឱ្យបំភ្លឺនៅរដ្ឋសភាដែរ។

ការកោះហៅនេះ បានធ្វើឡើងដោយដោយ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ហើយរដ្ឋសភាបាន​បញ្ជូនលិខិតនោះ នៅកាន់រាជរដ្ឋាភិបាលហើយ។

បើតាមលិខិតឆ្លើយតបរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ទៅកាន់រដ្ឋសភា ដែល Fresh News ទទួលបាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានឱ្យដឹងថា អគ្គលេខាធិការដ្ឋានក្រុម​ប្រឹក្សាអ្នកច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលលិខិតរដ្ឋសភាហើយ និងកំពុងចាត់ចែងតាមនីតិវិធី។

សូមបញ្ជាក់ថា ចាប់តាំងពីចូលប្រជុំពេញអង្គនៅក្នុងរដ្ឋសភាវិញ តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦មក ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង បានធ្វើការកោះហៅរដ្ឋមន្រ្តី មួយចំនួនដើម្បីទៅបំភ្លឺជាបន្តបន្ទាប់។ ក្នុងនោះមានការកោះហៅ រដ្ឋមន្រ្តីក្រសួងរ៉ែ រដ្ឋមន្រ្តីក្រសួងសុខាភិបាល(បំភ្លឺនៅថ្ងៃទី២៩ ខែធ្នូ) និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាដើម។ ប៉ុន្តែការកោះហៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅបំភ្លឺរឿង លោក កែម ឡី នោះត្រូវបានច្រានចោលដោយប្រធានរដ្ឋសភា ដោយសារតែសំណុំរឿងនោះ ស្ថិតនៅក្នុងដៃតុលាការ៕