(ភ្នំពេញ)៖ អតីតអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ត្រូវបានថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម។ នេះបើយោងតាមសេចក្តីសម្រេច របស់គណបក្សប្រជាជនកម្ពុជា ដែលអង្គភាព  Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ថា «បញ្ចប់ភារកិច្ច ឯកឧត្តម គួច ចំរើន ពីសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីភ្នំពេញ។ ហើយចាត់តាំង ឯកឧត្តម គួច ចំរើន ជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លោក គួច ចំរើន ត្រូវបានផ្លាស់ប្តូរពីអភិបាលខណ្ឌដូនពេញ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយជំនួសលោក សុខ ពេញវុធ ឡើងជាអភិបាលខណ្ឌវិញ៕