(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់​៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាល៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដសរុបចំនួន​២៥គ្រឿង រួមមានម៉ូតូចំនួន១៧គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង រថយន្ដធុនធំចំនួន៣គ្រឿង និងគោយន្ដ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៥លើក, មិនប្រកាន់ស្ដាំ២លើក, មិនគោរពសិទ្ធិ១លើក, ស្រវឹង១លើក, ប្រជែង២លើក, ងងុយគេង១លើក, កត្តាផ្លូវ១លើក និងកត្តាយានយន្ដ១លើក។

សូមបញ្ជាក់ថារយៈ២២ថ្ងៃចាប់ពីថ្ងៃទី​០១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៦៥លើក បណ្ដាលឲ្យមនុស្សស្លាប់១០៤នាក់ រងរបួសធ្ងន់ចំនួន២៥១នាក់ និងរងរបួសស្រាលចំនួន១៩១នាក់៕