(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់លំនៅឋានចំនួន ៦ ខ្នង ជូនអតីតយុទ្ធជន ក្នុងរាជធានីភ្នំពេញ ៦រូប ដែលកំពុងជួបការលំបាកក្នុងជីវភាព និង គ្មានលំនៅឋាន។

នៅក្នុងកិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជន ១,៤៦៩នាក់ មកពីខណ្ឌព្រែកព្នៅ ឬស្សីកែវ ជ្រោយចង្វារ និងដូនពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានរកឃើញអតីតយុទ្ធជន៦រូប កំពុងខ្វះខាត ក្នុងជីវភាព ហើយគ្មានផ្ទះសម្បែង។

បន្ទាប់ពីរូបឃើញបែបនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើសុំការសម្រេចភ្លាមៗពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចសាងសង់ផ្ទះជូនអតីតយុទ្ធជនភ្លាមៗតែម្តង។

អតីតយុទ្ធជនទាំង ៦រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនសាងសង់ផ្ទះជូននោះរួមមាន៖  អ្នកស្រី មាឃ ម៉ារីយ៉ា យោធិនចូលនិវត្តន៍, អ្នកស្រី ម៉ិច ចំរុង ម្តាយជនពលី, អ្នកស្រី ស៊ុ សាលីន យោធិនចូលនិវត្តន៍, អ្នកស្រី ប៉ុល សាឡន យោធិនចូលនិវត្តន៍, លោក ម៉ម ណាង យោធិនពិការ រស់នៅភូមិ ១២ សង្កាត់ស្រះចក និង អ្នកស្រី រស់ សុខារ៉ានី គ្រួសារពលី នៅភូមិ៣ សង្កាត់ចតុមុខ។

និវត្តន៍ជន និងគ្រួសារពលីទាំង ៦រូប បានបង្ហាញក្តីរំភើបរីករាយលាយឡំជាមួយទឹកភ្នែកផងដែរ ព្រោះតែពួកគេមិននឹកស្មានថា សម្តេចតេជោ ហ៊ុន សែន គិតគូរលើសុខទុក្ខ និងជួយសាងសង់ផ្ទះរំដោះទុក្ខលំបាកក្នុងជីវិតរបស់ពួកគេ។

អ្នកស្រី សូ សាវ៉េត  ជា យោធិនពិការ បច្ចុប្បន្នរស់នៅផ្ទះជួល នៅភូមិ២ សង្កាត់ ស្រះចក ខ័ណ្ឌដូនពេញ បានថ្លែងថា «ខ្ញុំសូមអរគុណ សម្តេចតេជោ រកអ្វីមកប្រៀបមិនបាន ចំពោះសម្តេច ដែលនៅតែបន្តគិតគូរជួយដោះស្រាយទុក្ខលំបាក ដល់អតីតយុទ្ធជនក្រីក្រ ពិសេស នាយឧត្តមសេនីយ គន់ គីម ដែលបានជួយអន្តរាគមន៍ ស្នើសុំសម្តេចតេជោ ឲ្យពួកខ្ញុំទទួលបានដី មានផ្ទះ រស់នៅសមរម្យ»

ក្នុងកិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជានេះ មន្រ្តីជាន់ខ្ពស់របស់កម្ពុជា និងសប្បុរសជនជាច្រើនរូប បានចូលរួមផ្តល់ថវិកា ផ្ទាល់ខ្លួនជួយទ្រទ្រង់សកម្មភាព ជួយដល់អតីតយុទ្ធជនកម្ពុជា។ មន្រ្តីជាន់ខ្ពស់ និងសប្បុរសជន ដែលបានបរិច្ចាគថវិកាសម្រាប់អតីតយុទ្ធជនរួមមាន៖ លោក អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ២០លានរៀល, លោក ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ១១លានរៀល, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ២០លានរៀល និងលោក ឃួង ស្រេង  អភិបាលរងរាជធានីភ្នំពេញ  ៥លាន ២ សែនរៀល។

នៅចំពោះមុខអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគម ក៏ដូចជារាជរដ្ឋាភិបាល បានខិតខំរិះរកគ្រប់លទ្ធភាព និងវិធានការ ដើម្បីជួយសម្រាល ទុក្ខលំបាករបស់អតីតយុទ្ធជន។ «ជាការពិត បងប្អូនទាំងអស់ សុទ្ធសឹងជាអ្នក ដែលមានគុណបំណាច់ ធំធេងណាស់ ចំពោះជាតិ មាតុភូមិ ប៉ុន្តែកម្រិតជីវភាពរបស់បងប្អូន ជាទូទៅ  ពុំមែនល្អគ្រាន់បើ គ្រប់ៗគ្នា នោះទេ។ ភាគច្រើន ជាអ្នក មានជីវភាព ទ័លក្រ ហើយលំបាក ខ្វះខាត ថែមទាំង មានសុខភាព ទ្រុឌទ្រោម ថែមទៀត»។

នាយឧត្តមសេនីយ គន់ គីម បានគូសបញ្ជាក់ថា អ្វីដែលសមាគម បានផ្តោតការគិតគូរជាអាទិភាព គឺការផ្តល់ជម្រក ផ្តល់លំនៅដ្ឋានសមរម្យ ជូនអតីតយុទ្ធជន ដែលមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួន និងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដែលទ័លក្រ គ្មានដី គ្មានផ្ទះ ពិតប្រាកដ ហើយរៀបចំសង់ជាផ្ទះស្នាក់នៅសមរម្យ និងផ្តល់ដីសម្រាប់បង្កបង្កើនផលលើកស្ទួយជីវភាពថែមទៀត៕