(កំពង់ស្ពឺ)៖ ​សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និង​សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តកំពង់ស្ពឺ ​នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ចុះពិនិត្យជំងឺ ​នាំថវិកា និងគ្រឿងឧបភោគ​-បរិភោគ ជូនលោកស្រី ផាត់ សយ និងប្តីឈ្មោះ ឃុន រស់ អាយុ៦១ ដែល​កំពុងមានជំងឺប្រចាំកាយ ហើយមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងការចុះពិនិត្យនោះ ក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដឹកនាំដោយលោក សោម អូន ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដឹកនាំដោយលោក លី ចាន់សុភក្តី អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងលោកវេជ្ជបណ្ឌិត រ៉ិត ចំណាប់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សាខាខេត្តកំពង់ស្ពឺ និងសហការី។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC បានឲ្យដឹងថា «ដោយយល់ឃើញពីការលំបាករបស់បងស្រី ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ លោកក៏បានដឹកនាំក្រុមការងារ NACC និងបានសហការជាមួយក្រុមការងារសម្ព័ន្ឋគ្រូពេទ្យ ស.ស.យ.ក សាខាខេត្តកំពង់ស្ពឺ ដើម្បីនាំនូវថវិកាជា មូលនិធិរបស់ NACC Foundation និងថវិការបស់ក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ព្រមទាំងសម្ភារៈឧបភោគ-បរិភោគរួមគ្នាមួយចំនួនទៀត ទៅជួយដោះស្រាយការលំបាករបស់លោកស្រី ដល់ផ្ទះរបស់បងស្រីតែម្តង»

អំណោយរបស់ក្រុមការងារទាំងពីររួមមាន អង្ករ១បាវ៥០គីឡូក្រាម មីចំនួន៤កេះ ត្រីខកំប៉ុង២យូរ ទឹកស៊ីអ៊ីវ១យូរ ទឹកផ្លែឈើ១កេះ និងត្រីងៀត២គីឡូក្រាម និងថវិកាមួយចំនួន​។

បន្ថែមពីនេះ ក្រុមសម្ព័ន្ឋគ្រួពេទ្យ ស.ស.យ.ក​ ក៏បានពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យ ព្រមទាំងផ្តល់ការណែនាំដល់លោកស្រី ឲ្យធ្វើការសម្រាក និងទទួលទានថ្នាំឲ្យ បានត្រឹមត្រូវទៅតាម វេជ្ជបញ្ជាដែលបានកំណត់៕