(ភ្នំពេញ)៖ ប្រធាន និងអនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានប្រកាសផ្ដល់ថវិកា​ចំនួន​១០០លានរៀល ទុកឧបត្ថម្ភជូន​សមាជិករបស់ខ្លួន​នៅរាជធានីភ្នំពេញ។

សម្រាប់ថវិកាទាំង១០០លានរៀលខាងលើនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានផ្ដល់ជូន៦០លានរៀល និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានឧបត្ថម្ភចំនួន៤០លានរៀល។

ការប្រកាសផ្ដល់ថវិកាទាំង១០០លានរៀលខាងលើនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជា នៅរាជធានីភ្នំពេញ ជាង៤,០០០នាក់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។

សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនកម្ពុជាមកពីខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ សរុប១,៣០៥នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ លោក កែប ជុតិមា អ្នកតំណាងរាស្រ្ត លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុប៧៣លានរៀល ដើម្បីទ្រទ្រង់សកម្មភាព និងដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជនកម្ពុជា។

នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន តំណាងឲ្យអតីតយុទ្ធជនកម្ពុជាទាំងអស់ បានគោរពថ្លែងអំណរគុណលោក កែប ជុតិមា លោក ម៉ម ប៊ុនហេង និងលោក ប៉ា សុជាតិវង្ស ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនកម្ពុជា។ នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុក​ការឧបត្ថម្ភនេះ​ជាការរួមចំណែកមួយដ៏ធំ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហានានារបស់អតីតយុទ្ធជនកម្ពុជា។

ក្នុងកិច្ចសំណេះសំណាលនៅថ្ងៃម្សិលមិញនេះ នាយឧត្តមសេនីយ គន់ គីម ក៏បានជំរុញឲ្យប្រធានសាខា សមាគម សង្កាត់ទាំងអស់ ពង្រឹងការគ្រប់គ្រងវត្ត​មានរបស់​អតីតយុទ្ធជន គ្រប់ប្រភេទ និងគ្រួសារ ជាសមាជិកសមាគម ដែលកំពុងរស់នៅក្នុងមូលដ្ឋានភូមិ សង្កាត់ ឲ្យបានច្បាស់លាស់ ដើម្បីសមាគមងាយស្រួល​ក្នុងការសុំអន្តរាគមន៍​ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលបច្ចេកទេស បេឡាជាតិអតីតយុទ្ធជន អនុវត្តវិធានការ ចំពោះអតីតយុទ្ធជន ដែលអវត្តមាន ដោយការធ្វើចំណាកស្រុកជាដើមនោះ។

នាយឧត្តមសេនីយ៍អគ្គលេខាធិការសមាគម ក៏បានណែនាំឲ្យរៀបចំជាសៀវភៅ បញ្ជីឈ្មោះ សមាជិក សមាគម តាមភូមិ សង្កាត់ នីមួយៗ ដោយរៀបរាប់ពីបន្ទុក ស្ថានភាពគ្រួសារ ហើយភ្ជាប់ជាឧបសម្ព័ន្ធនូវរូបថតគ្រួសារ តាមលំដាប់ជីវភាពងាយស្រួលគ្រប់គ្រង និងដោះស្រាយបញ្ហាជូនអតីតយុទ្ធជនដោយតម្លាភាព។

នាយឧត្ត្មមសេនីយ គន់ គីម ក៏បានណែនាំឲ្យមានការផ្តល់លេខទូរស័ព្ទឲ្យគ្នាទៅវិញទៅមក រវាងប៉ុស្តិ៍រដ្ឋបាល និង អតីតយុទ្ធជន ក្នុងភូមិ សង្កាត់ ដើម្បីបង្កបាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា ហើយក៏បង្កលក្ខណៈងាយស្រួល​ដល់អតីតយុទ្ធជន​ក្នុងការផ្តល់ព៌តមានផ្សេងៗ​ ទៅប៉ុស្តិ៍រដ្ឋបាល និងអាចសុំការអន្តរាគមន៍ ពេលពួកគាត់ជួប​គ្រោះថ្នាក់ ឈឺថ្កាត់ ឬ មានធុរៈចាំបាច់ផ្សេងៗ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានប្រកាសផ្តល់រថយន្តគិលានសង្រ្គោះ ដល់ប្រធានសមាគមអតីត​យុទ្ធជនខណ្ឌ​ទាំង១២ ក្នុងខណ្ឌនីមួយៗ ទទួលបានរថយន្ត​១គ្រឿង ដើម្បីបម្រើសេវាជូន​អតីតយុទ្ធជន តាមខណ្ឌនានាទូទាំងរាជធានី៕