(ភ្នំពេញ)៖ ក្រោយពីដឹងថា ភ្លុកដំរី កន្ទុយដំរី ឆ្អឹងខ្លា និងស្រកាពង្រូល ជាច្រើនគីឡូក្រាមត្រូវបានក្រុមហ៊ុន «CAMTRANTSIT IMPOERT Co.,Ltd» ដែលមានជនជាតិវៀតណាមជាប្រធាន នាំចូលមកប្រទេសកម្ពុជា ហើយគ្រោងនាំទៅប្រទេសចិននោះ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយតំណាងអយ្យការ បានបើកប្រតិបត្តិការពេញមួយថ្ងៃ ចុះទៅឆែកឆេររកវត្ថុតាងបន្ថែមទៀត នៅក្នុងបរិវេណក្រុមហ៊ុននេះតែម្ដង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦ ផ្លូវវត្តចាស់ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

មន្ដ្រីដែលចូលរួមឆែកឆេររកវត្ថុតាង នៅក្នុងក្រុមហ៊ុនមួយនេះ បានបញ្ជាក់ថា ប្រតិបត្តិការចុះឆែកឆេរបានធ្វើឡើងតាំងពីព្រឹក រហូតមកដល់ល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ប៉ុន្ដែលទ្ធផលនោះ សមត្ថកិច្ចចម្រុះមិនទាន់ឃើញមានវត្ថុតាងបន្ថែមទៀតនោះទេ។

តាមប្រភពព័ត៌មានដដែល នៅក្នុងបរិវេណក្រុមហ៊ុន គឺមានគំនរឈើមុខកាត់ធំៗជាច្រើនដូច្នេះ កម្លាំងសមត្ថកិច្ចត្រូវប្រើពេលវេលា បន្ដទៀតនៅថ្ងៃស្អែក ដើម្បីអារពុះជ្រៀកឈើទាំងនោះ ស្វែងរកវត្ថុតាងក្រែងឈ្មួញធ្វើការលាក់ទុកនៅក្នុងហ៊ុមឈើទាំងនេះ។

សូមបញ្ជាក់ថា បទល្មើសជួញដូរធនធានសត្វព្រៃ ភ្លុកដំរី កន្ទុយដំរី ឆ្អឹងខ្លា និងស្រកាពង្រូល ដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នា បើកប្រតិបត្តិការចូលបង្ក្រាប និងឆែកឆេរនៅក្នុងបរិវេណក្រុមហ៊ុន «អយស្ម័យយាន រ៉ូយ៉ាល់ផែស្នួតភ្នំពេញ» កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានមន្ដ្រីអះអាងថា ក្រុមហ៊ុន «CAMTRANTSIT IMPORT Co.,Ltd» ដែលមានជនជាតិវៀតណាមជាប្រធាន គឺជាអ្នកនាំចូល។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ប្រធានក្រុមហ៊ុនឈ្មោះ Nguyen Tien Choung ជាជនជាតិវៀតណាម ដោយលួចនាំចូលធនធានទាំងនេះ បង្កប់នៅក្នុង ឈើ ពីប្រទេស MOZAMBIQUE មកកាន់ប្រទេសកម្ពុជា ចំនួន៣កុងទីន័រ។ កុងទីន័រទាំង៣នេះ បានដឹកចេញពីកំពុងផែអន្ដរជាតិ ក្រុងព្រះសីហនុ មកដល់ក្រុមហ៊ុន «អយស្ម័យយាន រ៉ូយ៉ាល់ផែស្នួតភ្នំពេញ» នៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
របាយការណ៍ដដែលបានបន្ដថា ក្រុមហ៊ុនមួយនេះ គឺជាម្ចាស់ទំនិញ ហើយបានផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនមួយទៀត មានឈ្មោះថា SAR HO LOGISTICS Co.,Ltd ជាអ្នកបំពេញបែបបទទំនិញពីគយ។

សូមបញ្ជាក់ថា ប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរ ភ្លុកដំរី កន្ទុយ ឆ្អឹងខ្លា និងស្រកាពង្រូលក្នុងក្រុមហ៊ុន «អយស្ម័យយានរ៉ូយ៉ាល់ ផែស្ងួតភ្នំពេញ» ត្រូវបានបញ្ចប់នៅថ្ងៃត្រង់ទី២១ ខែធ្នូ ឆ្នាំ២០១៦ ជាលទ្ធផល បានរកឃើញភ្លុកដំរី ចំនួន៦៤០ដុំ ស្មើរនឹងទម្ងន់ ១,៣៦១.៩គីឡូក្រាម ស្រការពង្រួល ទម្ងន់១៣៧.៦គីឡូក្រាម  ឆ្អឹងខ្លា ទម្ងន់៨២.៣គីឡូក្រាម និងកន្ទុយដំរី ទម្ងន់៤.៩គីឡូក្រាម សរុបទាំងអស់ ទម្ងន់១,៥៨៦.៧គីឡូក្រាម។
កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការបង្ក្រាបបទល្មើសមួយនេះ ដែលបម្រុងនាំចេញទៅកាន់ប្រទេសចិន ត្រូវធ្វើឡើងនៅសៀលថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ នៅក្នុងចំណុចក្រុមហ៊ុន «អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» មានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរីទាំងនេះ ត្រូវបានជនល្មើស លួចបង្កប់នៅក្នុងឈើហ៊ុប ចំនួន៣ដុំ ដោយឈើហ៊ុប នីមួយៗ ដែលបង្កប់វត្ថុតាងទាំងនេះ មានមុខកាត់ កន្លះម៉ែត្រ បួនជ្រុង និងមានប្រវែងពី ២ ម៉ែត្រ ទៅ៣ម៉ែត្រ ហើយត្រូវបានឈ្មួញចុះរន្ធ ឈើចំពាក់កណ្តាលបង្កប់នៅក្នុងនោះ ដោយមានចាក់ទៀនផ្សារភ្ជាប់ ដែលមានសណ្ថានដូចក្តារមឈូស។

ឈើហ៊ុបទាំងនេះ មិនមែនមានតែ៣ដុំ ប៉ុណ្ណោះនោះទេ គឺមានឈើជាច្រើនទៀត ដឹកជញ្ជូនចេញពីទ្វីបអាហ្វ្រិច ដាក់ក្នុងកុងទីន័រ ដឹកតាមកប៉ាល់ ចូលមកកាន់ផែកំពង់សោម រួចដឹកជញ្ជូនបន្តតាមរទេះភ្លើង មកស្តុកទុកនៅក្នុងចំណុចក្រុមហ៊ុន «អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំង​ក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនបន្តទៀត។ ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិននេះ មិនបានដូចបំណង​នោះទេ គឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្រាវជ្រាវឃើញវត្ថុតាងទាំងនេះ កាក់ជាប់ ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះដែរ កាលពីព្រឹកមិញកម្លាំងសម្ថកិច្ចចម្រុះ ដែលដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានធ្វើការចុះឆែកឆេរ​នៅទីតាំងរបស់ក្រុម​ហ៊ុនផងដែរ ក៏ប៉ុន្តែមិនបានរកឃើញអ្វីនោះឡើយ៕