(ភ្នំពេញ)៖ កម្មវិធី «CAMBODIAN IDOL» រដូវកាលទី២ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ (FINAL) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ខណៈ​ដែលបេក្ខជន-បេក្ខនារី ចុងក្រោយមានចំនួន៣នាក់ នឹងធ្វើការប្រកួតប្រជែង​​​យ៉ាងស្វិតស្វាញ ក្នុងកម្មវិធីលំដាប់ពិភពលោក​ ដែលទទួលបានការគាំទ្រ​យ៉ាងខ្លាំងក្លា ពីសំណាក់ទស្សនិកជន តាំងពីវគ្គដំបូងមក។

បេក្ខជន-បេក្ខនារី ដែលមានវាសនា និងសមត្ថភាពល្អឥតខ្ចោះ ចំនួន៣រូប ត្រូវប្រកួតប្រជែង មានដូចជា កញ្ញា ហ៊ិន លីដា ,លោក នួន សុធារ័ក្ស និងកញ្ញា ឈិន ម៉ានិច្ច នឹងត្រូវបានដឹងពីជោគវាសនា របស់ខ្លួន នៅរាត្រី ថ្ងៃទី២៥ ខែធ្នូនេះ ក្រោមការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ ទៅលើទេពកោសល្យ និងសមត្ថភាព​ដែលខ្លួនត្រូវបញ្ចេញ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

សូមចូលរួមទស្សនា និងផ្ដល់ជាកម្លាំងចិត្ត ដល់​បេក្ខជន-បេក្ខនារី ទាំង៣រូបខាងលើ ក្នុងកម្មវិធីប្រឡងចម្រៀង​លំដាប់ថ្នាក់ពិភពលោក «CAMBODIAN IDOL» រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ ឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ ឲ្យកាន់តែរីកចម្រើន និងបានរកឃើញអ្នកដែលមានសមត្ថភាព ​ពិតប្រាកដ៕