(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ចូលរួមប្រកាស និងតែងតាំង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធាន អនុប្រធាន ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសំរោង និងស្រុកប្រតិបត្តិអន្លង់វែងចំនួន៧រូប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងមន្ទីរសុខាភិបាលខេត្ត និងការចូលរួមពី ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូប។

សមាសភាពវេជ្ជបណ្ឌិតដែលត្រូវបានផ្លាស់ប្ដូរ និងតែងតាំង រួមមាន តែងតាំងលោកវេជ្ជបណ្ឌិត អ៊ុក សុមេធា ជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត ជំនួសលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រកាសទៅជាប្រធានមន្ទីរសុខាភិបាលខេត្តវិញ, ប្រកាសលោកវេជ្ជបណ្ឌិត សេង សាមីឡង់ ជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំរោង, លោកទន្តបណ្ឌិត អយ សុគន្ធវីរៈ អនុប្រធានការិយាល័យមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិសំរោង, លោកស្រីវេជ្ជបណ្ឌិត អាន កញ្ញា អនុប្រធានការិយាល័យមន្ទីរសុខាភិបាលស្រុកប្រតិបត្តិសំរោង, លោកគ្រូពេទ្យ នៅ សំអន ប្រធានការិយាល័យមន្ទីរសុខាភិបាលស្រុកប្រតិបត្តិអន្លង់វែង, លោកវេជ្ជបណ្ឌិត រស់ រ័ត្នប្រសិទ្ធ អនុប្រធានការិយាល័យមន្ទីរសុខាភិបាលស្រុកប្រតិបត្តិអន្លង់វែង, លោកគ្រូពេទ្យ មែន ដន់ អនុប្រធានការិយាល័យមន្ទីរសុខាភិបាលស្រុកប្រតិបត្តិអន្លង់វែង, លោក ប៉ិច សុខា ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង, លោកវេជ្ជបណ្ឌិត ហេង គឹមយី  អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។

លោក ស ថាវី អភិបាលខេត្ត បានថ្លែងថា សេវាសុខភាពរបស់រដ្ឋ ដែលរួមមានតាំងពីមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែករបស់រដ្ឋ សព្វថ្ងៃបានកើតឡើងយ៉ាងច្រើន នៅជិតៗមូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្រុមគ្រូពេទ្យទៀតសោត ក៏មាននៅតាមសេវាសុខភាពនីមួយៗទាំងនោះផងដែរ ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ នៅគ្រាដែលបងប្អូនប្រជាពលរដ្ឋមានជំងឺ ហើយត្រូវការឲ្យក្រុមគ្រូពេទ្យជួយនោះ។ 

លោកអភិបាលខេត្ត  បានអំពាវនាវ និងបានលើកទឹកចិត្តជាញឹកញាប់ឲ្យពលរដ្ឋ យកចិត្តទុកដាក់ប្រើប្រាស់សេវាសុខភាពរបស់រដ្ឋដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាថា ទទួលបាននូវសុខុមាលភាពដ៏ល្អប្រសើរ។ លោកអភិបាលខេត្ត សង្គត់ធ្ងន់ថា ក្រុមគ្រូពេទ្យត្រូវលើកទឹកចិត្ត និងសុជីវធម៌ចំពោះអ្នកជម្ងឺ បញ្ហាលក់ឱសថក្លែងក្លាយនៅលើទីផ្សារ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះគ្រូពេទ្យស្ទើភ្លើងដាក់លក់ឱសថបន្តទៀតឡើយ ត្រូវចេញវេជ្ជបញ្ជាដល់អ្នកជម្ងឺឲ្យបានត្រឹមត្រូវ ទើបអាចទិញឱសថ យកប្រើប្រាស់ ជៀសវាងដូចករណីប្រជាពលរដ្ឋម្នាក់ទិញឱសថប្រើប្រាស់ មិនមានចេញវេជ្ជបញ្ជាបង្កឲ្យប៉ះពាល់ជម្ងឺកាន់តែធ្ងន់ឡើងៗ៕