(ភ្នំពេញ)៖ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានជំរុញឲ្យទីក្រុងទំាង៥ប្រទេសនៃអនុតំបន់មេគង្គក្រោយ ក្លាយជាតំបន់គោលដៅទេសចរណ៍ រួមតែមួយ ដែលធានាបានផលប្រយោជន៍ទំាងអស់គ្នា។

ក្នុងពិធីបើកកិច្ចប្រជុំកំពូល អភិបាលទីក្រុងទេសចរណ៍ អនុតំបន់មេគង្គក្រោយលើទី៤ នៅព្រឹក ថ្ងៃទី២២ ខែធ្នូនេះ ដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ លោក អៀង អូននី អភិបាល រងរាជធានីភ្នំពេញ បានថ្លែងថា ការជំរុញឲ្យទីក្រុងប្រទេសទំាង៥ នៃអនុតំបន់មេគង្គ ក្រោយក្លាយជាគោលដៅទេសចរណ៍រួមនេះ ដោយសារមានសក្តានុពលទេសចរណ៍ដូចគ្នា ភាពសម្បូរបែបនៃធនធានធម្មជាតិ បេតិភណ្ឌវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ របស់ប្រជាជន ដែលជាភាពទាក់ទាញ់ សម្រាប់វិស័យទេសចរណ៍។

លោកអភិបាលរងបន្តថា កិច្ចសហការភ្ជាប់កញ្ចប់ទេសចរណ៍រួមគ្នានេះ គឺជាយុទ្ធសាស្ត្រមួយ ក្នុងគោលដៅតែមួយ ក្នុងការកាត់បន្ថយ គម្លាតនៃ ការអភិវឌ្ឍទីក្រុងក្នុងតំបន់ លើកកម្ពស់ជីវ ភាពរស់នៅរបស់ប្រជាជន តាមរយៈការទាញយកផលប្រយោជន៍ ពីវិស័យទេស ចរណ៍។

លោកបានបន្ថែមថា ដើម្បីឈានទៅសម្រេចបានតាមផែនការនេះ មន្រ្តីជំនាញនៃទីក្រុងរបស់ប្រទេសទាំង៥ បានរួមគ្នាពិភាក្សាផ្តោតលើ បញ្ហា ៤សំខាន់ ការផ្សព្វផ្សាយកញ្ចប់សេវាទេសចរណ៍  ការតភ្ជាប់កញ្ចប់ទេសចរណ៍ នៃតំបន់ទីក្រុងទាំង៥ ការពង្រឹងធនធានមនុស្ស និងយន្តការអនុវត្ត។

លោក អៀង អូននី បានបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំមកនេះ រដ្ឋបាលក្រុងនីមួយៗបានផ្តល់ កិច្ចសហការគ្នាយ៉ាងល្អ ក្នុងការអភិវឌ្ឍ ស្តង់ដារ ហេដ្ឋារចនាសម្ព័ន្ធរូបបវន្ត គុណភាពសេវាកម្ម ដឹកជញ្ជូន អនាម័យ បរិស្ថានទីក្រុង និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ជូនភ្ញៀវទេសចរ ដើម្បីបង្កើនការទាក់ទាញគោលដៅទីក្រុងទេសចរណ៍ អនុវត្តមេគង្គក្រោមនាពេលដ៏ខ្លី ខាងមុខនេះ។

យ៉ាងណាមិញលោកអៈអាងថា សម្រាប់រាជធានីភ្នំពេញនា ពេលបច្ចុប្បន្នមាន ការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ពិសេសការធ្វើឲ្យ ប្រសើរឡើងនូវហេដ្ឋរចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថានស្អាត  សុវត្ថិភាពចំណីអាហារ និងការស្នាក់នៅប្រកបដោយគុណភាពរបស់ភ្ញៀវដែលនេះនឹងធ្វើឲ្យរាជធានីភ្នំពេញកាន់តែ ជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

លោក ហ៊ូ វណ្ណឌី ប្រធានក្រុមឧស្សាហ៍កម្មទេសចរណ៍កម្ពុជា បានឲ្យដឹងថា គំនិតផ្តួចផ្តើម នេះមានសារៈសំខាន់ណាស់ ដើម្បីឲ្យភ្ញៀវ ទេសចរ អាចធ្វើដំណើរកំសានតាមដងទន្លេ មេង្គបានយល់ដឹងពីភូមិសាស្រ្តវប្បធម៌ ព្រមទាំងបង្កើតចំណូលជូនប្រជាពលរដ្ឋ។ តែទោះជា យ៉ាងនេះក្តីលោកថា មន្រ្តីជំនាញត្រូវតែសិក្សា ឲ្យបានល្អិតល្អដោយធានា បានផលប្រយោជន៍រួម ហើយជៀសវាងឲ្យប្រទេសណាមួយ មានប្រៀប ឬគ្រាន់តែជាការឆ្លងកាត់ពុំ មានជាដំណើរកំសាន្តពិតប្រាកដនោះ។

លោកអះអាងថា ដើម្បីឲ្យប្រទេសទាំង៥នៃតំបន់មេគង្គក្រោម ក្លាយជាប៉ូលទេសចរណ៍ដ៏សំខាន់នោះ ក្រៅពីការពង្រឹងសន្តិសុខ សេវាកម្ម ហេដ្ឋរចនាសម្ពន្ធ័ និងផលិតផលទេសចរណ៍នោះ រដ្ឋាភិបាលទាំងអស់នៃតំបន់នេះ គួរពង្រឹងយន្តការនៃការសម្រួលបែបបទឆ្លងដែនឲ្យកាន់ តែប្រសើរដើម្បីបង្កលក្ខណៈងាយស្រួល នៃលំហូរទៅមករបស់អ្នកទេសចរ រួមជាមួយនឹងការបង្កើតកំពុងផែសំចត ដែលមានផលិតផល ទេសចរណ៍សម្រាប់ឲ្យ អ្នកទេសចរបានទស្សនាកំសាន្ត។

សូមបញ្ជាក់ថា គម្រោងប្រែក្លាយទីក្រុងទាំង៥ប្រទេសនៃអនុតំបន់មេគង្គក្រោម មានដូចជារាជធានីភ្នំពេញ ប្រទេសកម្ពុជា ទីក្រុងបាងកក ប្រទេសថៃ ទីក្រុងហូជីម៉ិញប្រទេសវៀតណាម ទីក្រុងវៀងចន្ទប្រទេសឡាវ និងទីក្រុងយុំាងហ្គូន ប្រទេសមីយ៉ាន់ម៉ាក្លាយជាតំបន់ ទេសចរណ៍ រួមប្រកបដោយភាពទាក់ទាញ សម្រាប់ក្នុងតំបន់នេះគឺជាគំនិតផ្តួចផ្តើមដំបូង របស់រាជធានីភ្នំពេញដើម្បីអោយពិភពលោក កាន់តែស្គាល់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប៕