(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ស្ដីពីបញ្ហាសុខភាព និងសុវត្ថិភាពការងារ ជាមួយទីភ្នាក់សុខភាព និងសុវត្ថិភាពការងាររបស់សាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ២០១៧-២០១៩ ដែលផ្ដោតសំខាន់លើវិស័យចំនួន៣សំខាន់ៗ។

ពិធីចុះអនុស្សារណៈខាងលើនេះត្រូវបានធ្វើឡើងរវាងលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក លី ហូស៊ុង អនុប្រធានទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ ក្រោមអធិបតីភាពជាសាក្សីរបស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាទីស្ដីការក្រសួងការងារ។  

ក្រោយពីបញ្ចប់កិច្ចចុះអនុស្សរណៈ លោករដ្ឋមន្រ្តី អ៊ិត សំហេង បានឲ្យដឹងថា «ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមក ផ្ដោតលើវិស័យចំនួន៣សំខាន់ៗ រួមមាន៖ ទី១.ផ្នែកឧស្សាហកម្ម ក្នុងនោះមានការធានានូវបរិស្ថាន អនាម័យ ប្រព័ន្ធសុវត្ថិភាពក្នុងកន្លែងធ្វើការងារ ការធ្វើដំណើរដឹកជញ្ជូនជូន កម្មករ និយោជិត និងបងប្អូនពលករ និងធានាសុវត្ថិភាព នៃការប្រើប្រាស់សារធាតុគីមីមួយចំនួន ដូចជា សារធាតុអាបេស្តុស, ទី២.ផ្នែកសំណង់ ភាគីកូរ៉េនឹងចែករំលែកបទពិសោធន៍ទាំងនេះ ដើម្បីធានាសុវត្ថិភាពការងារក្នុងវិស័យសំណង់, និងទី៣.ការងារក្នុងវិស័យរ៉ែ»

លោករដ្ឋមន្រ្តីបានបន្តថា «នេះជាលើកទី៣ហើយ ដែលសាធារណរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ស្តីពី បញ្ហាសុខភាព និងសុវត្ថិភាពការងារ ដែលនេះបានបង្ហាញឲ្យឃើញថា ភាគីកូរ៉េនៅតែយកចិត្តទុកដាក់ជានិច្ច មកលើកម្ពុជា ជាពិសេសដើម្បីបង្កើនភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង នាថ្ងៃអនាគត»

លោក អ៊ិត សំហេង បានបញ្ជាក់ថា ចំពោះផលប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជួយគ្នាទៅវិញទៅមក លើវិស័យអនាម័យ និងសុខភាពនៅកន្លែងធ្វើការ ពិសេសតាមរយៈកិច្ចព្រមព្រៀងនេះ ភាគីកូរ៉េនឹងផ្តល់ជំនួយបច្ចេកទេស, ផ្តល់ការបណ្តុះបណ្តាលវគ្គខ្លីៗ ដល់មន្រ្តីក្រសួងការងារកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ និងមានការបញ្ជូនអ្នកឯកទេសរបស់កូរ៉េ ដើម្បីជួយបណ្តុះបណ្តាលដល់មន្រ្តីនៅកម្ពុជាវិញ។

ក្រៅពីនេះភាគីទាំងពីរនឹងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើប្រព័ន្ធអនាម័យ បញ្ហាការពារសុខភាព និងសុវត្ថិភាពការងាររបស់ពលករ។

លោករដ្ឋមន្រ្តីបានបន្ថែមថា «ក្រៅពីមានកិច្ចព្រមព្រៀងស្តីពីបញ្ហាសុខភាព និងសុវត្ថិភាពការងារជាមួយប្រទេសកូរ៉េនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដែលជួយទៅលើបទដ្ឋានរៀបចំបទប្បញ្ញត្តិផ្សេងៗ ទាក់ទងទៅនឹងបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ហើយអ្វីដែលយើងកំពុងធ្វើនាពេលនេះ គឺគម្រោងផ្នែកសំណង់»

លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះ មានគោលបំណងលើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលមន្ត្រីអធិការពេទ្យការងារ និងមន្ត្រីជំនាញផ្សេងៗទៀត, រួមចំណែកលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតនៅតាមកន្លែងធ្វើការ តាមរយៈការរៀបចំបោះពុម្ពខិតបណ្ណ និងផ្សព្វផ្សាយផ្នែកសុខភាព និងសុវត្ថិភាពការងារ, បញ្ជូនអ្នកជំនាញផ្នែកសុខភាព និងសុវត្ថិភាពការងារ ដើម្បីមកបណ្តុះបណ្តាលមន្ត្រីកម្ពុជា, សហការក្នុងការសិក្សាស្រាវជ្រាវស្តីពីសុខភាព និងសុវត្ថិភាពការងារ, ផ្លាស់ប្តូរព័ត៌មាន និងឯកសារបច្ចេកទេសស្តីពីសុខភាព និងសុវត្ថិភាពការងារ៕