(ភ្នំពេញ)៖ ថវិកា២២៥០ដុល្លារ គឺជាចំនួនដែលបាន រៃអង្គាសពីការចុះឈ្មោះ របស់ក្រុមកីឡាករបាល់ទាត់ក្នុងព្រឹត្តិការណ៍ Ice Watch Cup ២០១៦ និងបណ្ដាក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភ Pocari Sweat ក្រុមហ៊ុន Goodhill នាំចូលផ្ដាច់មុខលើសាប៊ូកក់សក់ Head & Shoulders ព្រមទាំងមានការសហការឧបត្ថម្ភកម្មវិធីពីខាង ក្រុមហ៊ុន ឌីជី អ៊ីនធឺណិត ធនាគារ Phillip Bank Plc, ហាង Deluxe Chicken និងពីខាងរោងពុម្ព Cam Idea ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា សាខាវត្តភ្នំ។

គួររំលឹកផងដែរ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ក្រុមហ៊ុន Watch Empire Co., Ltd បានរៀបចំឲ្យមានសន្និសិទ្ធ កាសែតមួយស្ដីអំពីការ បើកចាប់ផ្ដើមកម្មវិធីប្រកួត បាល់ទាត់សប្បុរសធម៌មួយមានឈ្មោះថា «Ice Watch Cup ២០១៦»។ អស់រយៈពេលជាងពីរខែ នៃការប្រកួតកម្មវិធីកីឡាបាល់ទាត់សប្បុរសធម៌ ice watch cup ២០១៦ ដែលមានការចូលរួមជំរុះ១៦ក្រុមនោះ ទីបំផុតបានរកឃើញ ម្ចាស់ពានរង្វាន់ គឺបានទៅលើក្រុម vonida ដែលមកពីខាង clinic vonida ឯលេខ2 បានទៅក្រុម let's go ដែលមកពីខាងស្ថានទូកអាមេរិក ព្រមទាំងលេខបីរ គឺបានទៅលើក្រុម OKF។

លោក សួង ស៊ីម នាយកប្រតិបត្តិក្រុមហ៊ុន Ice Watch បានថ្លែងក្នុងពេលប្រគល់ ថវិកាជូនទៅខាងមន្ទីពេទ្យផងដែរថា «ការបរិច្ចាគថវិកាជូន មន្ទីរពេទ្យគន្ធបុប្ផា ជារឿងល្អមួយដើម្បី ជួយដល់ក្មេងៗ និងប្រជាជនដែលមិនមានលទ្ធភាពគ្រប់គ្រាន់។ មន្ទីរពេទ្យគន្ធបុប្ផា មិនអាចអត់ជំនួយបានទេ មានតែបន្ថែម អ៊ីចឹងសូមឱ្យ ប្រជាជនខ្មែរទាំងអស់ ជួយសង្គមយើង ជួយប្រជាជនយើង។ ម្នាក់ៗតែបន្តិចៗ ១ពាន់រៀល ៤ពាន់រៀល ១ដុល្លារ គឺយើងអាចជួយបានហើយ។ ប្រជាជនយើងមាន ច្រើនលាននាក់ណាស់។ ថវិកាប្រមូលផ្ដុំឡើង គឺច្រើនមែនទែន ដូច្នេះយើងមានលទ្ធភាពអាច ជួយសង្គមយើងហើយ»

លោកបញ្ជាក់បន្ថែមថា Ice-watch នឹងបង្កើតឲ្យមាន ព្រឹត្តិការណ៍ពិសេសផ្សេងៗទៀត ដោយមួយភាគនៃថវិកានឹងរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដាច់ស្រយាល ជាពិសេសនោះក្រុមហ៊ុន នឹងនៅបន្តក្នុងការស្វែងរកថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត’៕