(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយន៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងនគបាលវរសេនាតូចលេខ៩០៥ កម្លាំងប៉ុស្តិ៍ព្រះពន្លាយ និងពលទាហានភូមិភាគ៤ កម្លាំងសឹករងស្រុកត្រពាំងប្រាសាទ ចុះទៅបង្ក្រាបទីតាំងស្តុកឈើ ដោយរកឃើញឈើក្រញូងចំនួន១៤ដុំ និងធ្នង់១ដុំ រីឯម្ចាស់រត់គេចខ្លួនបាត់ស្រមោល។ ប្រតិបត្តិការបង្ក្រាបនេះ ស្ថិតនៅភូមិសាស្រ្ត ភូមិជុបរុន ឃុំព្រះពន្លាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២២ ខែធ្នូនេះថា បន្ទាប់ពីកម្លាំងជំនាញបង្ក្រាបបាន ឈើក្រញូង​ទាំងអស់​ត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលខេត្តព្រៃឈើ ដើម្បីស្រាវជ្រាវរកម្ចាស់ឈើខាងលើនេះ ចាត់ការតាមនីតិធីច្បាប់។

ជាក់ស្តែង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ លោក កុល វិបុល ប្រធានការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការប្រគល់ឈើក្រញូងចំនួន១៤ដុំ និងឈើធ្នង់១ដុំ ប្រគល់ជូនមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ ដើម្បីយកទៅរក្សាទុក ចាត់ការតាមនីតិវីធីច្បាប់៕