(ភ្នំពេញ)៖ រោងភាពយន្ត​លេជេន (Legend) ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន នឹងរៀបចំព្រឹត្តិការណ៍​ ដ៏ធំមួយដំបូងគេ ជាប្រវត្តិសាស្រ្ត នៅកម្ពុជា គឺព្រឹត្តិការណ៍​ភាពយន្ត ប្រចាំឆ្នាំ២០១៦ (Movies of The Years 2016) ក្នុងគោលបំណងលើកស្ទួយ វិស័យភាពយន្តនៅកម្ពុជា ​ដែលនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ខាង​មុខនេះ។

កញ្ញា កែវមរកត បុគ្គលិកប្រតិបត្តិផ្នែកទីផ្សារ របស់រោងភាពយន្ត លេជេន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន និងផលិតកម្មធំចំនួន ៨ នឹងត្រូវបានអញ្ជើញ ឲ្យចូលរួម ក្រោយពីខ្សែភាពយន្តរបស់ពួកគេ បានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយម និង​រកប្រាក់ចំណូលបានខ្ពស់សម្រាប់ឆ្នាំនេះ មានដូចជា ក្រុមហ៊ុន WML,Sabay MVP ផលិតកម្ម RED PICTURE ផលិតកម្ម LD Picture ផលិតកម្ម មហាហង្ស ផលិតកម្ម Rock និងផលិតកម្ម ឥន្ទ្រានិម្មិតជាដើម។ ​ផលិតករ និងក្រុមហ៊ុនទាំងអស់ នឹងមានឱកាស បង្ហាញគម្រោងការងារផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗ របស់ពួកគេនាពេលអនាគត ក្នុងឱកាសនេះ​។

កញ្ញា ​កែវ មរកត  បានថ្លែងបន្តឲ្យដឹងទៀតថា យ៉ាងហោចណាស់មានភាពយន្តខ្មែរល្បីឈ្មោះ ដែលរកប្រាក់ចំណូលខ្ពស់ប្រចាំ រោងភាពយន្តលេជេន (Legend) ចំនួន៧រឿង មកពីផលិតកម្មផ្សេងៗ ពីគ្នាបន្ទាប់ពីធ្វើការបោះឆ្នោត និងត្រូវជ្រើសរើសឲ្យចូលរួម ព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំ​២០១៦ (Movies of The Years 2016)នេះ។​កម្មវិធីនេះ នឹងត្រូវប្រារព្ធឡើង នៅរោងភាពយន្តលេជេន សាខាទួលគោក ក្នុងបរិវេណផ្សារទំនើប TK Avenue ចាប់ពីម៉ោង​៤៖៣០នាទីរសៀល​តទៅ ហើយនិងមានអ្នកចូលរួម ពីសំណាក់សិល្បករ ផលិតករ ប្រមាណជាង២០០នាក់។ ​កម្មវិធីនេះក្រៅពីបង្កើតបរិយាកាស ទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង  វិស័យភាពយន្តនៅកម្ពុជា ក៏មានគោលបំណងជួយជំរុញលើកកម្ពស់ ការផ្សព្វផ្សាយវិស័យខ្សែភាពយន្ត នៅកម្ពុជាផងដែរ។​

បុគ្គលិកប្រតិបត្តិផ្នែកទីផ្សារ របស់រោងភាពយន្ត លេជេនដ៏ស្រស់ស្អាតរូបនេះ បានសង្កត់ធ្ងន់ថា ផលិតករ និងក្រុមហ៊ុនទាំងនេះ​នឹងទទួលបាននូវ​លិខិតសរសើរ ហើយសម្រាប់ខ្សែភាពយន្ត ដែលទទួលបានការបោះឆ្នោតគាំទ្រ ពីសំណាក់អ្នកគាំទ្រច្រើនជាងគេ កន្លងមកគឺរឿង​«កំណត់ហេតុនាងនាថ»នឹងត្រូវបានយកមកចាក់បញ្ចាំង ជូនអ្នកចូលរួមទស្សនា នាឱកាសនោះ​។ អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធី នេះគឺមានការចូលរួមច្រៀង និងរាំពីតារាចម្រៀងដ៏ល្បី ពីផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ និងក្រុមរាំអូ អឹម ជី(OMG)​។​

​តំណាងរោងភាពយន្តលេជេន បានបង្ហាញក្ដីរំពឹងថា ព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជានេះ នឹងបានចូលរួចចំណែកលើកស្ទួយ វិស័យខ្សែ​ភាពយន្តនៅកម្ពុជាហើយ​រោងភាពយន្ត លេជេន នឹងព្យាយាមពង្រីកកម្មវិធីនេះ ឲ្យកាន់តែធំសម្រាប់ឆ្នាំ ក្រោយៗទៀត។

ក្រុមហ៊ុន និងផលិតកម្មចំនួន៨ ដែល​ផលិតក្នុងស្រុករួមទាំងភាពយន្ត នាំចូលសរុបចំនួន១១រឿង ដែលទទួលបានការគាំទ្រច្រើន មានដូចជាភាពយន្តរឿង​ «អ្នកនាងម្ចាស់ឡឺកឺ» របស់ផលិតកម្ម មហាហង្ស, រឿង «ចន្ទ្រា» របស់ផលិតកម្ម អង្គរភីឈ័រ, រឿង «សិស្សប្អូនសំណព្វចិត្ត»របស់ផលិតកម្មរ៉ក់ (Rock), ​រឿង«កំពូលអ្នកសុំទានជួបស្នេហ៍» របស់ផលិតកម្ម អិលឌី (LD Picture), រឿង «ទង់ព្រលឹង» របស់ផលិតកម្មរ៉េដ (RED Picture), រឿង«កំណត់ហេតុនាងនាថ» ​របស់ផលិតកម្មឥន្ទ្រានិម្មិត, រឿង«Joking Jazz 4G, Captain America,The Conjuring 2» របស់ ក្រុមហ៊ុនវេសស្តេក(WML), រឿង« ប៉ុបពីទៅហូលីវូដ»​និងរឿង«Fast 888» របស់ក្រុមហ៊ុនសប្បាយ( Sabay MVP) ជាដើម៕​