(បាត់ដំបង)​៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីន នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ​ដឹកនាំកម្លាំងចម្រុះ​ចុះត្រួតពិនិត្យ​មើលចំណុចផ្ទុះមីនតោនកន្លងទៅ នៅស្ថិតក្នុងចំណុច​ស្រែពន្លក ភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡុត​ ដើម្បីមានវិធានការសហការជាមួយអង្គភាព ​ស៊ីម៉ាក់ទប់ស្កាត់ និងពន្លឿនក្នុងដោះមីនឲ្យបានឆាប់ ដើម្បីសុវត្តិភាពប្រជាពលរដ្ឋ​ ក្នុងការប្រើប្រាស់ដីធ្វើស្រែចម្ការចិញ្ចឹមជីវិតប្រចាំថ្ងៃ។​

បន្ទាប់ពីក្រុមការងារបានចុះទៅដល់ ​បានធ្វើការរាវជុំវិញកន្លែងផ្ទុះ ក៏ប្រទះឃើញមានមីនមួយទៀត ប្រភេទមីន69 នៅលើភ្លឺស្រែរតែមួយនោះ   ហើយបន្ដទៅត្រួតពិនិត្យចំការមីនមួយកន្លែងទៀត ដែលស៊ីម៉ាក់កំពុងបោសសំអាត នៅក្នុងចំណុចភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត​   បានរាវរកឃើញមីនតោនក្នុងមួយរណ្ដៅមាន៣គ្រាប់ ដែលជាប្រភេទមីនសល់ពីសង្គ្រាម ហើយប្រគល់អង្គភាពប្រចាំការ នៅមូលដ្ឋាន ធ្វើការ  ដោះស្រាយឲ្យបានឆាប់ផងដែរ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី សេរី កុសល ​បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសំឡូតទាំងអស់​ សូមមានការប្រុងប្រយ័ត្នខ្ពស់  ក្នុងការប្រើប្រាស់ដីភ្ជួរស្រែ ចម្ការ របស់ខ្លួនសូមពិនិត្យឲ្យបានម៉ត់ចត់​ បើឃើញមានឆាប់រាយទៅជំនាញ ឬអាជ្ញាធរដែលនៅជិត បំផុតឲ្យជួយ   ដោះស្រាយជាបន្ទាន់​ ជៀសវាងមានការគ្រោះថ្នាក់បាត់ជីវិតដល់បងប្អូន៕