(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបំភ្លឺលម្អិតជូនសាធារណជន កុំឲ្យមានការភ័ន្តច្រឡំករណី សារព័ត៌មាន និងវិទ្យុក្នុងស្រុកមួយចំនួន បានដកស្រង់របាយការណ៍ របស់ដៃគូអភិវឌ្ឍន៍មួយ ដោយលើកឡើងពីតួលេខបំណុលក្រៅប្រទេសរបស់កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥ ថាមានជិត១០ប៊ីលានដុល្លារអាមេរិក និងបានធ្វើការបកស្រាយ ក្នុងន័យបំពុលបរិយាកាសង្គម និងកេងចំណេញនយោបាយ លើរាជរដ្ឋាភិបាល។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថាទៀតថា ការបកស្រាយរបស់សារព័ត៌មាន និងវិទ្យុមួយចំនួននោះ ពុំបានធ្វើការសិក្សា និងស្វែងយល់ឲ្យបានស៉ីជម្រៅលើអត្ថន័យ នៃពាក្យបច្ចេកទេស «បំណុលក្រៅប្រទេស» និងពុំបានផ្ទៀងផ្ទាត់ជាមួយតួលេខជាក់ស្តែង ដែលក្រសួងបានផ្សព្វផ្សាយ ជាសាធារណៈ តាមគេហទំព័ររបស់ក្រសួងឡើយ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា តួលេខបំណុលក្រៅប្រទេសរបស់កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥ ដែលបានរាយការណ៍ថា មានចំនួនជិត ១០ប៊ីលានដុល្លារអាមេរិក នោះមិនមែនសុទ្ធតែជាបន្ទុកបំណុល ដែលរដ្ឋត្រូវសងទេ ព្រោះថា តួលេខក្រៅប្រទេសនេះ ក៏រួមបញ្ចូលទាំងបំណុលឯកជនក្រៅប្រទេសចំនួន ជិត ៤ប៊ីលានដុល្លារអាមេរិកផងដែរ ។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ២០១៥ កម្ពុជាមានបំណុលសាធារណៈក្រៅប្រទេស ឬបំណុលរដ្ឋក្រៅប្រទេសចំនួន ៥.៦ប៊ីលានដុល្លារអាមេរិក៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព៍ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ទាំងស្រុង៖