(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បើកវគ្គបណ្ដុះបណ្ដាល​ស្តីពី ថវិកាកម្មវិធី សម្រាប់ក្រសួងធម្មការ និង​សាសនា។

​ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំ មន្ត្រីសង្ឃពុទ្ធិកសិក្សា ប្រធានមន្ទីរ និងមន្ត្រី​ជំនាញ គ្រប់លំដាប់ថ្នាក់ រួមទាំង​មន្ត្រីជំនាញតំណាងឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ​សរុបប្រមាណជាង​១០០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល២ថ្ងៃគឺ២២ និងថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីពង្រឹងការយល់ដឹងបន្ថែមទៀត ដល់មន្ត្រីជំនាញគ្រប់ផ្នែក និង​អនុវត្តតាមកម្មវិធី នៃ​យុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕