(វ៉ាស៊ីតោន)៖ ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក ដូណាល់ ត្រាំ បានបង្កើតក្រុម​ប្រឹក្សា​ពាណិជ្ជកម្មជាតិ​ប្រចាំ​សេតវិមាន (NTC) និង​បាន​តែង​តាំង​​​លោក​​បណ្ឌិត ភីតឺ ណាវ៉ារ៉ូ (Peter Navarro) ធ្វើជាប្រធាន​ទីមួយ​នៃក្រុមប្រឹក្សា​ដែលទើបត្រូវបានបង្កើតឡើងថ្មី​មិនធ្លាប់មាននេះ។ នេះ​បើ​តាមក្រុមចាត់​ចែង​កិច្ចផ្ទេរ​តំណែង​របស់លោក ត្រាំ ដែលចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែល​បានឲ្យដឹងដែរថា​លោកបណ្ឌិត ភីតឺ ណាវ៉ារ៉ូ នឹងបំពេញតួនាទី​ជាជំនួយការរបស់​ប្រធានាធិបតី ក៏ដូចជានាយកនៃគោលនយោ​បាយ​​ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ដោយឡែក NTC នឹងជួយផ្តល់ជាមតិ​យោបល់​ដល់ប្រធានធិបតីអំពី​យុទ្ធ​សាស្រ្ត​ សម្រាប់​កិច្ច​ចរចា​ពាណិជ្ជកម្ម និងមានទីនាទី​សម្របសម្រួល​ជាមួយទីភ្នាក់ងារ​អាមេរិក ដទៃៗ​ទៀតដើម្បីបង្កើនសង្វាក់ផលិតកម្មឧស្សាហកម្ម ក៏​ដូច​ជា​ផ្គូរ​ផ្គង​ពលរដ្ឋ​អាមេរិក​ឲ្យត្រូវជាមួយ​​នឹងការងារផងដែរ។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានមួយ ក្រុមចាត់ការងារផ្ទេរ​តំណែងរបស់​លោក ដូណាល់ ត្រាំ ដែលត្រូវបានលោក សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេសបានបញ្ជាក់​ទៀតថា «ក្រុមប្រឹក្សាពាណិជ្ជកម្ម​ជាតិ​​ នឹងធ្វើការសហការយ៉ាងសកម្មជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ, ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ, និងក្រុមប្រឹក្សារៀបចំគោល​នយោបាយក្នុង​ប្រទេសដើម្បីបំពេញទស្សនវិស័យ​របស់ប្រធានាធិបតី​ដែលចង់ឃើញសន្តិភាព និងវិបុលភាពតាមរយៈភាពរឹងមាំ​នៃវិស័យយោធា​និង​​សេដ្ឋ​កិច្ច»

គួរបញ្ជាក់ថាលោក ភីតឺ ណាវ៉ារ៉ូ មានបរិញ្ញាប័ត្រកំរិត Ph.D ផ្នែកសេដ្ឋកិច្ចពី​មហាវិទ្យាល័យ Harvard និងជាសាស្រ្តា​ចារ្យ​ពា​ណិ​ជ្ជ​កម្ម​មួយ​រូប​នៅ​ឯ​មហាវិទ្យាល័យ California-Irvine ហើយបើយោង​តាមសន្និសីទ​សារព័ត៌មានខាងលើ​លោកគឺជាបុគ្គល​ដ៏សំខាន់នៅក្នុង​ការអភិវឌ្ឍរបៀប​វីរៈស្តីពីពាណិជ្ជកម្ម​ និងសេដ្ឋកិច្ច​របស់លោក ដូណាល់ ត្រាំ។

មុនការបោះឆ្នោតនៅអាមេរិក លោក អៀ សុផល បានប្រកាសជាមុនថា ការឡើងកាន់អំណាចរបស់ លោក ត្រាំ គឺជា «ការក្រោកឡើងរបស់មនុស្សអវិជ្ជា» ហើយថា លោកប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កាសែត Cambodia Daily បានដកស្រង់សម្តីរបស់ លោក អៀ សុផល តាមសារអេឡិចត្រូនិកថា «គាត់ (សម្តេច ហ៊ុន សែន) និង ត្រាំ មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង។ ត្រាំ បង្ហាញពីនិន្នាការយ៉ាងច្បាស់ថា អត្តធិបតេយ្យទាក់ទិនគ្នាយ៉ាងខ្លាំងទៅនឹងរបបផ្ដាច់ការសូម្បីជនហ្វាស៊ីស។ គាត់ស្អប់សារព័ត៌មានចង់ដឹងសារព័ត៌មាន។ គាត់រសើបចំពោះការរិះគន់។ គាត់តែងតែត្រូវជានិច្ចទោះបីជាគាត់ខុសទាំងស្រុងក៏ដោយ។ បើយើងក្រឡេកមើលទៅជុំវិញពិភពលោក មេដឹកនាំដូចគាត់ សុទ្ធតែមាននិន្នាការមិនស្របតាមលទ្ធិប្រជាធិបតេយ្យ»

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានហៅលោក ដូណាល់ ត្រាំ ថាមិនមែនជាជាអ្នកប្រជាធិបតេយ្យ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយផងដែរ។ លោក សម រង្ស៊ី ថែមទាំងបាន លើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុតចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។ ប៉ុន្តែនៅពេលនេះបុរសដែលលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ៕