(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ មិនដល់កន្លះម៉ោងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភា បានកំណត់បើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីអនុម័តលើសេចក្តីព្រាង វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

សូមបញ្ជាក់ថា សេចក្តីព្រាងស្តីពីវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានគណៈរដ្ឋមន្រ្តី បញ្ជូនទៅដល់រដ្ឋសភា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីគណៈរដ្ឋមន្រ្តីបានអនុម័ត កាលពីចុងខែកញ្ញា។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឡើងវិញ បន្ទាប់ពីមានប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋ ជុំវិញការអនុវត្តច្បាប់នេះ ចាប់ដើមឆ្នាំ២០១៦មក។ ក្នុងចំណុចដែលបានសម្រេចធ្វើវិសោធនកម្មឡើងវិញនោះ មានចំនួន ៨មាត្រា ក្នុងនោះមានមាត្រា៩, មាត្រា៤០, មាត្រា៤១, មាត្រា៤៨, មាត្រា៧៥, មាត្រា៧៧, មាត្រា៩២, មាត្រា៩០ ប៉ុន្តែក៏បានកែប្រែនូវពាក្យពេចន៍ មួយចំនួនដែរ៕