(ភ្នំពេញ)៖ នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០១៦នេះ រដ្ឋសភា បានចាប់ផ្តើមបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដោយពិនិត្យលើរបៀបវារៈ សេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី និងកំណត់ពេលប្រជុំពេញអង្គ។

កិច្ចប្រជុំនៅព្រឹកនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការទាំង១០ ផងដែរ។ កិច្ចប្រជុំនេះ ក៏មានវត្តមានប្រធានគណៈកម្មការនៅក្នុងសភា មកពីគណបក្សសង្រ្គោះជាតិថែមទៀត។

សូមបញ្ជាក់ថា សេចក្តីព្រាងស្តីពីវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានគណៈរដ្ឋមន្រ្តី បញ្ជូនទៅដល់រដ្ឋសភា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តីបានអនុម័ត កាលពីចុងខែកញ្ញា។ នេះបើតាមការបញ្ជាក់ពី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឡើងវិញ បន្ទាប់ពីមានប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋ ជុំវិញការអនុវត្តច្បាប់នេះ ចាប់ដើមឆ្នាំ២០១៦មក។ ក្នុងចំណុចដែលបានធ្វើវិសោធនកម្មឡើងវិញនោះ មានចំនួន ៨មាត្រា ក្នុងនោះមានមាត្រា៩, មាត្រា៤០, មាត្រា៤១, មាត្រា៤៨, មាត្រា៧៥, មាត្រា៧៧, មាត្រា៩២, មាត្រា៩០ ប៉ុន្តែក៏បានកែប្រែនូវពាក្យពេចន៍ មួយចំនួនដែរ។

ការធ្វើវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល អះអាងថា គឺដើម្បីឱ្យស្របទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងប្រទេស។ ជាមួយគ្នានេះ ការធ្វើវិសោធនកម្មនេះ ក៏មានលក្ខណៈធូស្រាល និងយោគយល់ជាងមុនបន្តិចផងដែរ៕