(ភ្នំពេញ)៖ យុវជន​វៀតណាម​ម្នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ព្រៃស​ នៅល្ងាច​ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ដើម្បី​ស៊ើបអង្កេត​ករណី​រួមភេទ ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​។​ ករណី​នេះ​ជា​ការ​ព្រមព្រៀង​រួមភេទ​ តែ​ដោយសារ​ជនរងគ្រោះ​ជា​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​ ច្បាប់​កំណត់​ថា​ ទោះ​ព្រមព្រៀង​ក៏​មាន​ទោស​ដែរ​។

លោក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​រង​នគរបាល​ខណ្ឌ​មាន​ជ័យ​ បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ថា​ លោក​ ជា​ សុខ​ច័ន្ទ​ដេត​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃុំ​ខ្លួន​យុវជន​ឈ្មោះ​ ប៊ែ​ តឹង​ ហៅ​សីហា​ អាយុ​១៩ឆ្នាំ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ «រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​»​ តាម​មាត្រា​៤២ ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ម៉ោង​ប្រមាណ១០​៖​៣០​នាទី​យប់ ក្មេងស្រី​រងគ្រោះបាន​សម្រាក​នៅផ្ទះ​តែម្នាក់ឯង។ ពេលនោះជនសង្ស័យ ឈ្មោះ ប៊ែ តឹង ដែលជា​អ្នក​ស្គាល់គ្នាបានមក​ផ្ទះ​ជនរងគ្រោះនិយាយ​សុំ​ស្រឡាញ់ និង​សុំ​រួមភេទ ដោយ​សន្យា​ចូល​ស្តីដណ្តឹងធ្វើជា​ប្រពន្ធ។ ពេលនោះក្មេងស្រី​រងគ្រោះ ក៏បាន​យល់ព្រម​រួមភេទ​ជាមួយ បានសម្រេច​មួយ​លើក។​

​លុះ​ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ម៉ោង​ប្រមាណ១២​៖៣០​នាទីថ្ងៃត្រង់ ឈ្មោះ ផន រុំ បានឃើញ​ទឹកមុខជនរងគ្រោះ ស្លេកស្លាំង ខុសពី​ធម្មតាមានការ​សង្ស័យ បាន​សួរដេញដោលជាច្រើនលើក ទើប​ក្មេងស្រី​រងគ្រោះ ព្រមនិយាយប្រាប់ពី​រឿងហេតុដែល​បាន​រួមភេទ ជាមួយ​ជនសង្ស័យ​ឈ្មោះ ប៊ែ តឹង។ បន្ទាប់មកម្តាយ​ជនរងគ្រោះ និង​ក្រុមគ្រួសារ បាន​ទៅ​នាំខ្លួន​ជនសង្ស័យ ប៊ែ តឹង ហៅសីហា ដែល​កំពុងស្នាក់នៅទូក​មាត់​ទន្លេបាសាក់ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មក​ប្រគល់​ឲ្យ​នគរបាល ប៉ុស្តិ៍​ចាក់អង្រែលើតែម្ដង​៕