(ភ្នំពេញ)៖ លោក កែប ជុតិមា អ្នកតំណាងរាស្រ្ត លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុប ៧៣លានរៀល ដើម្បីទ្រទ្រង់សកម្មភាព និងដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជនកម្ពុជា។

ទឹកប្រាក់នេះ ត្រូវបានប្រកាសឧបត្ថម្ភក្នុងឱកាសដែលនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនជួបសំណេះ សំណាល និងសួរសុខទុក្ខអតីតយុទ្ធជនកម្ពុជាមកពីខណ្ឌដង្កោ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខសរុប ១,៣០៥នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ក៏បានប្រកាសផ្តល់រថយន្តគិលានសង្រ្គោះ ដល់ប្រធានសមាគមអតីតយុទ្ធជនខណ្ឌទាំង១២ ក្នុងខណ្ឌនីមួយៗ ទទួលបានរថយន្ត ១គ្រឿង ដើម្បីបម្រើសេវាជូនអតីតយុទ្ធជន តាមខណ្ឌនានាទូទាំងរាជធានី។

នាយឧត្តមសេនីយ៍ គន់ គីម តំណាងឲ្យអតីតយុទ្ធជនកម្ពុជាទាំងអស់ បានគោរពថ្លែងអំណរគុណលោក កែប ជុតិមា លោក ម៉ម ប៊ុនហេង និងលោក ប៉ា សុជាតិវង្ស ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនកម្ពុជា។ នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុកការឧបត្ថម្ភនេះជាការរួមចំណែកមួយដ៏ធំ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហានានារបស់អតីតយុទ្ធជនកម្ពុជា។

ក្នុងកិច្ចសំណេះសំណាលនៅថ្ងៃម្សិលមិញនេះ នាយឧត្តមសេនីយ គន់ គីម ក៏បានជំរុញឲ្យប្រធានសាខា សមាគម សង្កាត់ទាំងអស់ ពង្រឹងការគ្រប់គ្រងវត្តមានរបស់អតីតយុទ្ធជន គ្រប់ប្រភេទ និងគ្រួសារ ជាសមាជិកសមាគម ដែលកំពុងរស់នៅក្នុងមូលដ្ឋានភូមិ សង្កាត់ ឲ្យបានច្បាស់លាស់ ដើម្បីសមាគមងាយស្រួលក្នុងការសុំអន្តរាគមន៍ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលបច្ចេកទេស បេឡាជាតិអតីតយុទ្ធជន អនុវត្តវិធានការ ចំពោះអតីតយុទ្ធជន ដែលអវត្តមាន ដោយការធ្វើចំណាកស្រុកជាដើមនោះ។

នាយឧត្តមសេនីយ៍អគ្គលេខាធិការសមាគម ក៏បានណែនាំឲ្យរៀបចំជាសៀវភៅ បញ្ជីឈ្មោះ សមាជិក សមាគម តាមភូមិ សង្កាត់ នីមួយៗ ដោយរៀបរាប់ពីបន្ទុក ស្ថានភាពគ្រួសារ ហើយភ្ជាប់ជាឧបសម្ព័ន្ធនូវរូបថតគ្រួសារ តាមលំដាប់ជីវភាពងាយស្រួលគ្រប់គ្រង និងដោះស្រាយបញ្ហាជូនអតីតយុទ្ធជនដោយតម្លាភាព។

នាយឧត្ត្មមសេនីយ គន់ គីម ក៏បានណែនាំឲ្យមានការផ្តល់លេខទូរស័ព្ទឲ្យគ្នាទៅវិញទៅមក រវាងប៉ុស្តិ៍រដ្ឋបាល និង អតីតយុទ្ធជន ក្នុងភូមិ សង្កាត់ ដើម្បីបង្កបានភាពស្និទ្ធស្នាលជាមួយគ្នា ហើយក៏បង្កលក្ខណៈងាយស្រួលដល់អតីតយុទ្ធជនក្នុងការផ្តល់ព៌តមានផ្សេងៗ ទៅប៉ុស្តិ៍រដ្ឋបាល និងអាចសុំការអន្តរាគមន៍ ពេលពួកគាត់ជួបគ្រោះថ្នាក់ ឈឺថ្កាត់ ឬ មានធុរៈចាំបាច់ផ្សេងៗ។

លោក កែប ជុតិមា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានសាទរ ចំពោះចំណាត់ការរបស់សមាគម ហើយសន្យាថា នឹងពិនិត្យលទ្ធភាព រួមជាមួយសមាគម ក្នងការជួយដោះស្រាយសម្រាលទុក្ខលំបាកអតីតយុទ្ធជនទ័លក្រ។

លោក ងៀវ សំ និវត្តន៍ជននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដែលបានចាត់នាយឧត្តមសេនីយ គន់ គីម ចុះជួបសួរសុខទុក្ខអតីតយុទ្ធជន។ លោកថា នេះជាលើកទី១ហើយ ដែលលោកបានជួបមុខ និងបានស្តាប់ថ្នាក់ដឹកនាំសមាគមនិយាយ។

លោក ងៀវ សំ បានប្រកាសថា រូបលោក និងអតីតយុទ្ធជនកម្ពុជាដទៃទៀត គោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕