(ភ្នំពេញ)៖ បន្ទាប់ពីបានដឹងថា មានកុមារម្នាក់ឈ្មោះ ខែង ស៊ីវឡាង អាយុទើបបាន ២ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានទទួលរង​គ្រោះថ្នាក់ដោយសារជុងភ្នែកខាងស្តាំ​នឹងដងស្លាបព្រាបាយ ហើយជីវភាពគ្រួសារ​មានការលំបាកទៀតនោះ នៅរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកា ៥លានរៀល ទៅជូនដល់គ្រួសារ​កុមាររងគ្រោះនោះ​ ដែលកំពុងសម្រាកព្យាបាល​នៅមន្ទីរ​ពេទ្យព្រះអង្គឌួង។

លោក ខែង សុឃាន់ អាយុ ៣៧ឆ្នាំ និងអ្នកស្រី ណុប រស្មី អាយុ ២៥ឆ្នាំ ប្រកបរបរលក់ឆាក្វ័យទាំង​ពីរនាក់ ត្រូវជាឪពុកម្តាយរបស់កុមាររងគ្រោះនោះ​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមិននឹកស្មានថាបានការសណ្តោសប្រណីពី សម្តេច នោះទេ ព្រោះថវិកាទាំងនេះ នឹងជួយសម្រាល​ការលំបាកក្នុងជីវភាពដែលកំពុងធ្លាក់ដុនដាប និងជាទុនសម្រាប់ប្រកបរបរចិញ្ចឹមកូនតទៅថ្ងៃមុខផងដែរ។

ទន្ទឹមនឹងប្រសាសន៍ផ្តាំសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកស្រី​ អគ្គលេខាធិការរងទី​ ១​ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ​ ដែលបានយកចិត្តទុកដាក់​ ជួយវះ​កាត់​ ព្យាបាល​ និងដាក់កែវភ្នែកដល់កុមាររងគ្រោះដោយមិនគិតថ្លៃ។​ លោកស្រី​ បានមានប្រសាសន៍បន្តថា​ ថវិកានេះ​ គឺជាការរួមចំណែករបស់កាកបាទ​ក្រហមកម្ពុជា​ ក្នុងការជួយសម្រាលការលំបាកក្នុងជីវភាព​ ព្រោះក្នុងរយៈពេលកំពុងព្យាបាលកូន​ ឪពុកម្តាយប្រកបរបរអ្វីមិនបានទេ​ ដែលត្រូវការចំណាយលើការហូបចុច​ ពិសេស​ អាហាររូបត្ថម្ភដល់កុមារឲ្យបានគ្រប់គ្រាន់ដើម្បីឆាប់ជាសះស្បើយឡើងវិញ៕