(ភ្នំពេញ)៖ តារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda ខ្សែប្រយុទ្ធដ៏ឆ្នើមនៃក្រុមសាំម៉ូរ៉ៃជប៉ុន គ្រោងនឹងមកធ្វើកម្មវិធី Soccer Camp នៅទីក្រុងភ្នំពេញ នាថ្ងៃទី២៥ ខែធ្នូចុងសប្ដាហ៍នេះ ដើម្បីចែករំលែកបទពិសោធន៍បាល់ទាត់ដល់កុមារកម្ពុជា ដែលកម្មវិធីនោះមានឈ្មោះថា «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP» នេះបើយោងតាមភ្នាក់ងារព័ត៌មានរបស់កីឡាករ Honda ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែធ្នូនេះ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលខ្សែបម្រើប្រយុទ្ធកំពុងប្រកបអាជីពនៅលីគកំពូលអ៊ីតាលី ជាមួយក្លឹប AC Milan លោក Keisuke Honda មកទស្សនកិច្ចផ្លូវការនៅកម្ពុជា គ្រាដែលលើកទី១ គឺមកសិក្សាពីគម្រោងបង្កើតសាលាបាល់ទាត់នៅកម្ពុជា ហើយបច្ចុប្បន្នសាលានោះ បានបើកដំណើរជាផ្លូវការហើយដែរ ដែលមានឈ្មោះថា «SOLTILO FAMILIA Soccer School» មានទីតាំងនៅទីលាន RooY7 និងទីលាន 3G។

ពាក់ព័ន្ធនឹងការរៀបចំកម្មវិធី Soccer Camp នាថ្ងៃទី២៦ ខែធ្នូវិញ លោក Keisuke Honda នឹងបង្ហាញបច្ចេកទេសលេងបាល់ទាត់ដល់ក្មេងៗប្រមាណ ១០០នាក់ដោយឥតគិត​ថ្លៃនៅពហុកីឡដ្ឋានជាតិ មុននឹងលោកធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញពីចក្ខុវិស័យរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

ក្រៅពីអ្នកចុះឈ្មោះចូលរួមគណៈកម្មការរៀបចំកម្មវិធីនេះ ក៏អនុញ្ញាតឲ្យមានការចូលរួមដោយសេរីពីសំណាក់ប្រជាពលរដ្ឋ ពិសេសយុវជនគ្រប់វ័យ ដើម្បីបានទស្សនាការ​បង្ហាញនូវបច្ចេកទេសដ៏ពិសេសរបស់ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំនេះផងដែរ៕