(សៀមរាប)៖ ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន  ត្រូវបានបើកសម្ពោធ​កាត់ខ្សែបូរ ដាក់ឲ្យបម្រើការងារជាផ្លូវការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ឡុង វិសាលឡូ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក គីម វ៉ុនជិន ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដោយមានវត្តមាន​អញ្ជើញចូលរួមពី​សំណាក់ អស់លោក លោកស្រីជាអគ្គរដ្ឋទូតកូរ៉េក្រៅប្រទេស អ្នកឧកញ៉ា តំណាងរាស្ត្រ អគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប  អគ្គកុងស៊ុល វៀតណាម ក្រុមហ៊ុន និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ សមាគមកូរ៉េប្រចាំខេត្តចូលរួមផងដែរ។  

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ផាក សឿងឃ្យូ អគ្គកុងស៊ុល​នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅខេត្តសៀមរាប និងចំណាប់អារម្មណ៍របស់លោក ជឿង ប៊ុកគីល ប្រធាន​សមាគម​កូរ៉េប្រចាំនៅខេត្តសៀមរាប និងការលើកឡើងរបស់លោក គីម វ៉ុនជិន ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ដោយការអនុញ្ញាត​ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ក្នុងការបង្កើតឲ្យមានស្ថានអគ្គកុងស៊ុល នៅខេត្តសៀមរាប ដែលបានគ្រប់ដណ្តប់ខេត្ត៦ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តសៀមរាប, ​បាត់ដំបង, ព្រះវិហារ, ប៉ៃលិន, បន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ។

លោកក៏មានសង្ឃឹមជឿជាក់ថា ស្ថានអគ្គកុងស៊ុលនេះ និងជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍កូរ៉េ ដែលចូលមកទស្សនាអង្គរ​ប្រមាណជា ៤០ម៉ឺននាក់ និងអ្នកធ្វើអាជីវកម្មក្នុងខេត្តសៀមរាប ប្រមាណ២៥០០នាក់ និងបង្កនូវភាពងាយស្រួសដល់ប្រជាពលរដ្ឋកម្ពុជា សំខាន់បងប្អូនពលករកម្ពុជា។

លោកអភិបាលខេត្តសៀមរាប ឃឹម ប៊ុនសុង បានធ្វើការគូស​បញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រុញនូវការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ស្រប​ពេលជាមួយគ្នានេះ ខេត្តសៀមរាប ក៏មានការផ្លាស់ប្តូរមុខមាត់ គួរឲ្យកត់​សម្គាល់តាមរយៈការលើកកម្ពស់ សោភណ្ឌភាពក្រុង និងការ​អភិវឌ្ឍខេត្ត ប្រកបដោយកិច្ចការពារបរិស្ថាន ការដាក់ចេញ​នូវ​វិធានការយន្តការពង្រឹង និងជម្រុញនូវសក្តានុពលវិស័យ​កសិកម្ម និងវិស័យទេសចរ ដែលជាស្នូលចំបងសម្រាប់ការអភិវឌ្ឍខេត្ត និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះលោកក៏បានធ្វើការថ្លែងអំណរគុណ ដល់ស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដែលបាន​ជ្រើស​​រើសយកខេត្តសៀមរាប ជាទីតាំងគោលដៅ​សម្រាប់ ស្ថានអគ្គកុង​ស៊ុល​​កូរ៉េថ្មីនេះ សម្រាប់បម្រើការងារក្របដណ្តប់លើ៦ខេត្ត រួមមាន ខេត្ត​​សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ។ នេះគឺជាសក្ខីភាពមួយបង្ហាញពីសន្តិភាព ស្ថេរភាព សន្តិសុខ ជាពិសេសជួយ​ជម្រុញបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ​វិនិយោគគិនកូរ៉េ ក៏ដូចជាភ្ញៀវ​ទេសចរកូរ៉េ ឲ្យចូលមកទស្សនា​កម្ពុជា ក៏ដូចជាខេត្តសៀម​រាប​ច្រើ​ន​ជាងមុនថែមទៀតជាក់ជាមិន​ខានឡើយ ។

លោក ឡុង វិសាលឡូ បានលើកឡើងថា ការបង្កើត និងតែងតាំងអគ្គកុងស៊ុលកូរ៉េ ដោយ​ជ្រើស​​រើសយកខេត្តសៀមរាប ជាទីតាំងគោលដៅសម្រាប់ស្ថានកុង​ស៊ុល​​កូរ៉េថ្មីនេះដែលបម្រើការងារក្របដណ្តប់លើ៦ខេត្ត រួមមានខេត្ត​៖ ​សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ។

លោកក៏បានឯកភាពនូវរាល់ខ្លឹមសារអត្ថន័យទាំងអស់លើកឡើង ក្នុងការជម្រុញកិច្ចសាមគ្គីភាព ដើមី្បផលប្រយោជន៍ប្រជាពលរដ្ឋកូរ៉េ សំខាន់ជាទំនុកចិត្ត របស់ប្រជា​​ពលរដ្ឋកូរ៉េ កំពុងមានវត្តមានរបស់ខ្លួននៅកម្ពុជា ក្នុងការជម្រុញការធ្វើអាជីវកម្ម របស់ខ្លួននៅកម្ពុជា ក៏ដូចជាការចូលមកធ្វើទេសចរណ៍នៅកម្ពុជា សំខាន់នៅលើទឹក​ដីប្រវត្តិសាស្ត្រអង្គរ ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើពិភពលោក៕